វៀតណាម-ហ្វីលីពីន នឹងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង នៅសមុទ្រចិនខាងត្បូង
(ហាណូយ)៖ នាវាឆ្មាំសមុទ្រវៀតណាម កំពុងឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន សម្រាប់ការចូលរួមសមយុទ្ធយោធា ដែលទីក្រុងហាណូយនិយាយថា វាជាលើកដំបូងដែលមានការរៀបចំបែបនេះរវាងប្រទេសទាំងពីរ និងដែលសុទ្ធសឹងតែមានវិវាទជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ ២០២៤។
ក្រសួងការពារជាតិវៀតណាម បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា នាវា CSB 8002 ទម្ងន់ ២,៤០០តោន បានចាកចេញពីដែនទឹកវៀតណាម កាលពីថ្ងៃពុធសប្តាហ៍នេះ សម្រាប់ការដំណើរដ៏មានសារៈសំខាន់ផ្នែកនយោបាយ។ ដំណើរនេះក៏ជាឱកាសមួយ សម្រាប់ឆ្មាំសមុទ្រវៀតណាម និងហ្វីលីពីនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយ ការអនុវត្តច្បាប់នៅសមុទ្រ… រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព នៅតំបន់សមុទ្រពាក់ព័ន្ធ និងនៅក្នុងតំបន់។ ភាគីទាំងពីរ នឹងធ្វើសមយុទ្ធរួមគ្នាលើការស្វែងរក ជួយសង្គ្រោះ ទប់ស្កាត់ការបាញ់ផ្លោង និងការប្រយុទ្ធគ្នា នៅឯសមុទ្រ។
គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នៅវៀតណាម កាលពីខែមករា កន្លងទៅ ប្រទេសទាំងពីរឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការឆ្មាំសមុទ្រនៅសមុទ្រចិនខាងត្បូង និងដោះស្រាយឧប្បត្តិហេតុនៅសមុទ្រ ដោយសន្តិភាព៕