ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លោងទ្វារជ័យ ដែលអតីតស្តេចខ្មែរ ធ្លាប់យាងចេញចូលព្រះបរមរាជវាំង ក្នុងក្រុងអង្គរធំ នឹងបើកឲ្យប្រើប្រាស់ ឆាប់ៗនេះ

47


ភ្នំពេញ៖ឯកឧត្ដមហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងថា ខ្លោងទ្វារជ័យ ដែលអតីតព្រះមហាក្សត្រខ្មែរ ធ្លាប់យាងចេញចូលព្រះបរមរាជវាំង ក្នុងក្រុងអង្គរធំ នឹងបើកឲ្យប្រើប្រាស់ នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្ដមថ្លែងបែបនេះ ក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើសន្និសីទសារព័ត៌មានស្តីពី លទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ បើតាមឯកឧត្ដមហង់ ពៅ អាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំពង្រីក ធ្វើយ៉ាងម៉េចឲ្យតំបន់អង្គរទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរមកម្តងហើយចង់មកម្តងទៀត ឬអាចប្រាប់បងប្អូនគាត់ ពីតំបន់អង្គរនេះដែរ។
អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងប្រើពាក្យឧទ្យានអង្គរមិនមែនចៃដន្យទេ មានន័យថា មិនមែនមានតែប្រាសាទទេ បើប្រាសាទតែមួយ ដូចប្រទេសមួយចំនួនងាយគ្រប់គ្រង តែយើងជាឧទ្យានអង្គរ មានន័យថា វាមានទាំងទេសភាព វប្បធម៌ ប្រាសាទ និងបរិស្ថាន នៅជាមួយគ្នាទាំងអស់។ ខ្ញុំក៏បានបង្ហើបហើយ ធ្វើម៉េចឲ្យទ្វារជ័យ ក្លាយជាកន្លែងទាក់ទាញ ពីព្រោះសព្វថ្ងៃ យើងមានបញ្ហាកកស្ទះ នៅទន្លេអ៊ុំ ដោយសារគាត់ទៅមើលអង្គរវត្តផង គាត់ឆ្លងកាត់តាមមុខអង្គរវត្តផង វាធ្វើឲ្យស្ទះ ក៏ប៉ុន្តែផ្លូវដែលសំខាន់ជាងគេ ក្នុងការចូលទៅក្រុងអង្គរធំ គឺទ្វារជ័យ»។
អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបន្តថា ខ្លោងទ្វារជ័យ មានចំណុចទាក់ទាញច្រើន មានន័យថា ទីមួយជាផ្លូវចូលទៅបរមរាជវាំង ដែលព្រះករុណាប្រើប្រាស់ និងទីពីរ មានប្រាសាទជាគូ ដូចជាប្រាសាទចៅសាយ និងប្រាសាទធម្មនុន្ទ ដែលមានការទស្សនាតិច។
សូមជម្រាបថា ខ្លោងទ្វារជ័យ ស្ថិតនៅមុខព្រះលានជល់ដំរី ត្រូវបានប្រើប្រាស់សម្រាប់អង្គព្រះមហាក្សត្រ និងកងទ័ពចេញ/ចូលបន្ទាប់ពីបានទទួលជ័យជម្នះក្នុងសង្គ្រាម ដូច្នេះហើយទើបខ្លោងទ្វារនោះ ត្រូវបានគេហៅថា «ខ្លោងទ្វារជ័យ»។ ខ្លោងទ្វារជ័យ-ទិសខាងកើត មួយនេះ ជាខ្លោងទ្វារមួយ ក្នុងចំណោម៥ របស់ក្រុងអង្គរធំ ឬយសោធរបុរៈ ឬជយបុរៈ ដែលត្រូវបានសាងសង់ឡើងក្រោមស្នាព្រះហស្ដព្រះបាទជយវម៌្មទី៧ នាចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៤។
ខ្លោងទ្វារ ៤ទៀត រួមមាន៖ ខ្លោងទ្វារខ្មោច-ទិសខាងកើត, ខ្លោងទ្វារទន្លេអុំ-ទិសខាងត្បូង, ខ្លោងទ្វារតាកាវ-ទិសខាងលិច និងខ្លោងទ្វារដីឆ្នាំង-ទិសខាងជើង៕

អត្ថបទដែលជាប់ទាក់ទង