ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងទឹកដី!សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលមិនដែលព្រងើយកន្តើយ អំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឡើយ

41


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា ជានិច្ចកាលមិនដែលព្រងើយកន្តើយអំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។
ការបន្តគូសរំលេចពីស្មារតីក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការឆ្លើយតបមួយទៅនឹងបារម្ភរបស់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA។
ការគូសបញ្ជាក់ពីស្មារតីក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិហើយនាព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលសម្តេច ថតជាមួយ កងទ័ព និងអ្នកសារព័ត៌មានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ពេលសម្តេចអញ្ជើញចុះ ពិនិត្យ ភូមិសាស្ត្រព្រំដែនកម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង។
សម្តេចធិបតី បានរំលឹកថា រូបថតនេះ ថតពេលសម្តេចចុះទៅពិនិត្យភូមិសាស្ត្រដើម្បីកសាងប្រៀបការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅក្នុងតំបន់អូរអាឡៃ ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ ក៏ដូចជា ហេដ្ឋា រចនា សម្ព័ន្ធតភ្ជាប់ពីតំបន់នោះ មកតំបន់ផ្ទៃក្នុងនៃខេត្តស្ទឹងត្រែង។
តាមរយៈរូបភាពនេះ ជាសក្ខីភាពថា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ត្រូវបានរាជរដ្ឋា ភិបាល គិតជាប់ជា ប្រចាំ ហើយមិនត្រឹមតែជាគោលនយោបាយនោះទេ តែបានអនុវត្តន៍ជាក់ស្តែងតាមរយៈយុទ្ធសាស្ត្រ នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដូចជាការរៀបចំមូលដ្ឋានទ័ព ការកសាងហេដ្ឋារចនាសម្ព័ន្ធតាម ព្រំ ដែន កិច្ចអភិវឌ្ឍន៍តាមតំបន់ព្រំដែន និងការប្រែក្លាយតំបន់ព្រំដែនពីអតីតតំបន់ប្រយុទ្ធគ្នា ទៅជាតំបន់ឧស្សា ហកម្មជាដើម។
សូមរំលឹកថា រូបថតដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនេះ គឺនៅអូរអាឡៃ តំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។ ឆ្នាំ២០១៧ កងទ័ពឡាវបានចូលមកទឹកដីកម្ពុជា ក្រោមកិច្ចចរចាដោយផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ ជាមួយនាយករដ្ឋមន្ត្រីឡាវ កងទ័ពឡាវ ក៏បានដកចេញទៅវិញនៅថ្ងៃទី១២ ខែសីហា។
មួយថ្ងៃក្រោយពេលទ័ពឡាវដកចេញទៅវិញ ពោលនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកាលនោះជានាយសេនាធិការចម្រុះ និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក សម្តេចក៏បានអញ្ជើញចុះទៅដល់ទីតាំងនោះដោយផ្ទាល់។ ពេលអញ្ជើញចុះទៅដល់សម្តេចធិបតី អមដោយ មេទ័ព ផ្សេងៗ ទៀត បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រអូរអាឡៃដោយថ្មើរជើងរង្វង់ប្រមាណជា១០គីឡូ ម៉ែត្រ។
សូមរំលឹកផងដែរថា នៅតំបន់អូរអាឡៃកាលពីពេលនោះ មានផ្លូវសម្រាប់ការធ្វើដំណើរចូលទៅនោះឡើយ មានតែផ្លូវលំមានសភាពលំបាកខ្លាំងសម្រាប់ការធ្វើដំណើរ។ បច្ចុប្បន្ននេះផ្លូវត្រូវបានសាងសង់ចូលទៅកាន់តំបន់នោះ ហើយរាជរដ្ឋាភិបាលក៏បានរៀបចំមូលដ្ឋានទ័ពរឹងមាំឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនៅទីនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង