ឯកឧត្ដមឃួង ស្រេង ដឹកនាំប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់សាធារណៈ , ពិនិត្យទីតាំងការប្រគំតន្ត្រីអបអរសាទរពិធីបេីកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ ” និងអុជធូបសុំសេចក្ដីសុខ សេចក្ដីចម្រើន
ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងរយៈពេលកន្លះខែកន្លងមកនេះ កងកម្លាំង មន្ត្រីនិងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសំដៅធ្វើយ៉ាងណាអោយពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះដំណើរការទៅដោយភាពសប្បាយរីករាយ និងជោគជ័យ។
ការលើកឡើងរបស់ឯកឧត្ដមឃួង ស្រេងខាងលើនេះបានធ្វើឡើង នារសៀលថ្ងៃទី៤ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ច ប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់សាធារណៈ និងពិនិត្យទីតាំងប្រារព្ធកម្មវិធី ប្រគំតន្ត្រីជាក់ស្ដែងដេីម្បីអបអរសាទរពិធីបេីក ការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ” ថ្ងៃទី ០៥ សីហា ២០២៤ នៅ មុខសាលមហោស្រព កោះពេជ្រ ព្រមទាំងរៀបចំពិធី អុជធូបសុំសេចក្ដីសុខ សេចក្ដីចម្រើន ដំណេីរការ កម្មវិធីប្រកបដោយរលូន ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ ការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ” នេះជាផលប្រយោជន៍ដ៏ធំធេងសំរាប់ប្រជាជាតិកម្ពុជាយើង។ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។ យើងពិតជាមានភព្វវាសនាណាស់ ដែលបានចូលរួម លើ ការងារព្រែកជីកហ្វូណន-តេជោនេះ។
ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ទៀតថា៖ ការងារសំខាន់របស់យើងគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់ សាធារណៈ ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះ ដែលទៀមទាអោយកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ យកអស់មម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណាអោយពិធីនេះដំណើរទៅដោយរលូន មានសុខ សុវត្ថិភាពជាមួយនិងភាពសប្បាយរីករាយ។
គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរគ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្រ
រាជធានីភ្នំពេញ ក៏មានការទូងស្គ បែបនេះផងដែរ។
ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ នឹងមានការប្រគុំតន្ត្រី នៅ មុខ សាលមហោស្រព កោះពេជ្រ ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧និង២០នាទី១លើក និងទី២នៅម៉ោង៩និង៩នាទីយប់មួយលើកទៀត៕