ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងសម័យនេះការអភិវឌ្ឍន៍ប្រទេស ឬទំនាក់ទំនង បុគ្គល មិនអាចរស់នៅដាច់ដោយឡែកបាន ទេ ត្រូវមានទំនាក់ទំនង និងការ រកស៊ីជាមួយគ្នា បើទោះបីជាពេលខ្លះដឹងថា គេមិនស្មោះត្រង់ជាមួយយើងក៏ដោយ

33

ភ្នំពេញ៖សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាសម័យនេះ ការអភិវឌ្ឍន៍ប្រទេស ឬទំនាក់ទំនងរបស់បុគ្គលណាមួយ គឺមិនអាចរស់នៅដាច់ដោយឡែកបាននោះឡើយ គឺត្រូវមានទំនាក់ទំនង និងការរកស៊ីជាមួយគ្នា ដើម្បីភាពរីកចម្រើន និងផលប្រយោជន៍រៀងរាល់ខ្លួន។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត៦០០នាក់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចបានគូសបញ្ជាក់ថា បុគ្គលម្នាក់ៗតែងតែមានទំនាក់ទំនងជាមួយសាច់ញាតិ មិត្តភក្តិ ឬអ្នកជិតខាង ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងនោះទេថា មនុស្សទាំងអស់នោះសុទ្ធតែស្មោះត្រង់ និងរាប់អានយើងដោយសុទ្ធចិត្ត។ យ៉ាងនេះក្តី បើទោះបីជាគេមិនស្មោះត្រង់គឺជារឿងរបស់គេ ហើយយើងក៏មិនអាចទៅផ្តាច់ទំនាក់ទំនងជាមួយគ្នានោះទេ។អ្វីដែលសំខាន់យើងត្រូវតែពង្រឹងខ្លួនឯងឱ្យម្ចាស់ការលើខ្លួនឯង និងមិនត្រូវពឹងផ្អែកទៅលើគេនោះទេ។ 
សម្តេចពន្យល់យ៉ាងដូច្នេះថា«ទំនាក់ទំនងអ្នកជិតខាង យើងមិនអាចរស់នៅតែម្នាក់ឯងបានទេ សូម្បីតែតាបស់ចេញទៅសមាធិក្នុងព្រៃពេលខ្លះក៏គាត់ចេញទៅក្នុងភូមិទិញរបស់ដែរ។ សម័យនេះមិនអាចរស់នៅ ដាច់ដោយឡែកទេ បងប្អូនតែងតែមានទំនាក់ទំនងជាមួយមិត្តភក្តិ តែងតែមានទំនាក់ទំនងជាមួយអ្នកជិតខាង មានទំនាក់ទំនងជាមួយបងប្អូនបង្កើត សួរថាអ្នកទាំងអស់នោះ គ្រប់គ្នាស្មោះជាមួយយើងទេ? យើងសង្ឃឹម ប៉ុន្តែមិនប្រាកដទេ ត្រូវទេ?»
សម្តេចមានប្រសាសន៍ថា ការដឹកនាំប្រទេសក៏ដូចគ្នា ព្រោះគ្រប់អ្នកដឹកនាំទាំងអស់សុទ្ធតែគិតអំពីផលប្រយោជន៍ប្រទេស និងប្រជាជនរបស់គេរៀងៗខ្លួន ដូច្នេះហើយបើគេចង់បានអី ជារឿងរបស់គេ ព្រោះប្រទេសគេគិតផលប្រយោជន៍គេ។ តែយើងត្រូវតែពង្រឹងភាពម្ចាស់ការ និងធ្វើខ្លួនឱ្យរឹងមាំ។
សម្តេចបន្ថែមថា «គ្មានថ្នាក់ដឹកនាំប្រទេសណាមួយដែលឡើងមកនិយាយនៅទូទាំងពិភពលោក ថាខ្ញុំមិនធ្វើដើម្បីផលប្រយោជន៍ខ្ញុំជាតិខ្ញុំទេ ខ្ញុំធ្វើដើម្បីផលប្រយោជន៍មិត្ត គឺអត់ទេ សុទ្ធតែធ្វើអ្វីដើម្បីផលប្រយោជន៍ជាតិខ្លួនឯងទាំងអស់ កម្ពុជាក៏ដូចគ្នាដែរ គ្រាន់តែផលប្រយោជន៍ខ្លះវាអាចស៊ីសង្វាក់ជាមួយគ្នាដើម្បីរីកចម្រើន ប្រទាក់ក្រឡាមិត្តភក្តិ»។
ការលើកឡើងរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត គឺដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋដែលព្រួយបារម្ភជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ (CLV) ជាពិសេសជាទំនាក់ទំនងជាមួយប្រទេសវៀតណាម។
សម្តេចធិបតីបានគូសបញ្ជាក់ថា បើទោះបីជាខេត្តទាំង៤របស់កម្ពុជា បញ្ចូលទៅក្នុងកិច្ចសហប្រតិបត្តិការនេះក៏ដោយ ប៉ុន្តែការអភិវឌ្ឍន៍រយៈពេល២៥ឆ្នាំនៅក្នុងខេត្តទាំង៤ដែលស្ថិតនៅក្នុងតំបន់ត្រីកោណនេះ គឺជាថវិកាជាតិរបស់កម្ពុជា មិនមែនតាមរយៈថវិកាកិច្ចសហប្រតិបត្តិការនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា មានម្ចាស់ការទៅលើអភិវឌ្ឍន៍តំបន់នេះ ហើយកម្ពុជានឹងបង្កើនសមត្ថភាព និងលទ្ធភាពរបស់ឃុំ សង្កាត់ ស្រុក ខេត្ត ដើម្បីកសាង និងពង្រឹងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង