ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងស្តុបជិត២០០ទីតាំង កំពុងមមាញឹកក្នុងការជួយសម្រួលចរាចរណ៏ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

39

ភ្នំពេញ៖នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះមានភ្លើងស្តុបជិត២០០ទីតាំង ហើយភ្លើងស្តុបទាំងនេះបាននិងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការជួយសម្រួលចរាចរណ៏ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។ជាមួយគ្នានេះសម្រាប់ឆ្នាំ២០២៤ រដ្ឋបាល រាជធានីភ្នំពេញ បានតម្លេីងបង្គោលនិងបំពាក់ភ្លើងស្តុបថ្មី ចំនួន១២ទីតាំង
បន្ថែមទៀតផងដែរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃ៧សីហា២០២៤នេះថា មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញមានភ្លើងស្តុបចំនួន១៩៦ទីតាំងបាននិងកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលចរាចរណ៏ជូនប្រជាពលរដ្ឋ ។
លោកប្រធានបញ្ជាក់ទៀតថា៖សម្រាប់ឆ្នាំ២០២៤នេះ យោងតាមការណែនាំរបស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ បានតម្លើងភ្លើងស្តុបចំនួន១២ទីតាំងបន្ថែមទៀតរួមមាន៖
១.ភ្លើងស្តុប គោករកា ផ្លូវលេខ១៨៦២ មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ។ ២.ភ្លើងស្តុប វត្តភ្នៀត ផ្លូវចូលវត្តភ្នៀត មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ។៣.ភ្លើងស្តុប សាលាសង្កាត់ក្រាំងធ្នង់ ផ្លូវលេខ១៨៦២ ប្រសព្វនិងផ្លូវលេខ១០៥K។៤.ភ្លើងស្តុប ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ ៥ ប្រសព្វនិងផ្លូវលេខ១៣០។ ៥.ភ្លើងស្តុប វាលស្បូវ ផ្លូវជាតិលេខ១ ប្រសព្វនិង ផ្លូវចូលបុរីភូមិវាលស្បូវ។
៦.ភ្លើងស្ដុប ចំការព្រីង ផ្លូវលេខ១៨៦២ ប្រសព្វនិង ផ្លូវលេខ២០១១។៧ ភ្លើងស្តុប សន្តិភាព២(ទូលកី) ផ្លូវជាតិលេខ ៣ ប្រសព្វនិង ផ្លូវបុរីសន្តិភាព២។៨ ភ្លើងស្តុប កោះនរា ប៉េងហួត ផ្លូវចូលស្ពានកោះនរា ប្រសព្វនិងផ្លូវជាតិលេខ១។ ៩. ភ្លើងស្ដុប សង្គមកិច្ច ផ្លូវលេខ៩៣(ព្រះមុនីវង្ស) ប្រសព្វនិងផ្លូវលេខ៤៦៦(ញឹកជូឡុង)។១០. ភ្លើងស្តុប ផ្លូវដែក ទំនប់៧០ ផ្លូវទំនប់លេខ៧០ ប្រសព្វនិងផ្លូវដែកបឹងកក់(R8 )។១១ ភ្លើងស្តុប បុរីកោះនរា A ផ្លូវស្ពានកោះនរា ប្រសព្វនិង ផ្លូវបុរីកោះនរា Aនិងទី១២ ភ្លើងស្តុប បុរីកោះនរា B ផ្លូវស្ពានកោះនរា ប្រសព្វនិង ផ្លូវបុរីកោះនរា B ។
លោក សាំ ពិសិដ្ឋ បានអះអាងថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋកាន់តែមានការយល់ដឹងខ្ពស់ជាងមុនក្នុងការធ្វើចរាចរណ៌ជាពិសេសការពាក់មួកសុវត្ថិភាព និងការគោរពភ្លើងស្តុប និងស្លាកសញ្ញាចរាចរជាដើម ។
ទោះបីយ៉ាងណា លោក សាំ ពិសិដ្ឋ នៅបានអំពាវនាវដល់ប្រជាជរដ្ឋសូមអោយចូលរួមគោរពភ្លើងសញ្ញា ភ្លើងស្តុប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៏អោយបានគ្រប់ៗគ្នា ។
ជាមួយគ្នានេះដែរលោក ជា សុវណ្ណ ប្រធាន ការិយាល័យអគ្គិសនីបំភ្លឺសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍នែមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖មកដល់ពេលនេះរាជធានីភ្នំពេញ មានភ្លើងស្តុបចំនួន១៩៦ទីតាំង ក្នុងនោះមានរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការជួយឧបត្ថម្ភដោយអង្គការចៃកា ក៏មានការចូលរួមពីវិស័យឯកជនខ្លះដូចជាខាងកោះពេជ្រ និងបុរីធំៗមួយចំនួនខ្លះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង