ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ចេង មុនីរ៉ា ណែនាំដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌអោយអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនទន់ភ្លន់ ម៉ឺងម៉ាត់ តែមិនទន់ជ្រាយ

41

ភ្នំពេញ ៖ សូមកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ពេលចុះបំពេញការងារការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ទន់ភ្លន់ ម៉ឺងម៉ាត់ តែមិនទន់ជ្រាយ ។
ខាងលើនេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាល និងចែកអំណោយ ជាអង្ករនិងថវិការដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ កាលពីវេលាម៉ោង១១.២០នាទី ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសាលាខណ្ឌ។
លោកអភិបាលខណ្ឌ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់ ។
ថ្លែងទៅកាន់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌច្បារអំពៅបានក្រើនរំលឹកអោយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ត្រូវអនុវត្តអោយបាននូវវិធានទាំង៣ ៖
ទី១-កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ,
ទី២-កុំពាក់ព័ន្ធឬសេពគ្រឿងញៀន,
ទី៣-ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានអោយសាមគ្គីភាពផ្ទៃក្នុង ។
សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ មួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព ។ ចំនុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាអោយបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈតែងតែមានការប៉ះទង្គិចជាមួយមហាជន ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ចូលរួមអនុវត្តអោយបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយកយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទកុំអោយមាននៅក្នុងមូលដ្ឋានខណ្ឌ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌច្បារអំពៅក៏ថ្លែងកោតសរសើរដល់កងកម្លាំងសណ្តាប់ខណ្ឌដែលកន្លងមកបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនបានល្អ និងសូមអោយបន្តការងារអោយបានល្អប្រសើរថែមទៀត ដើម្បីរួមចំណែក ក្នុងការបំរើសង្គមជាតិ និងប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង