ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គរដ្ឋទូតចិនមានរហ័សនាមអ្នកចម្បាំងចចក ៖ ប្រទេសចិនស្ម័គ្រចិត្តចែករំលែកផលប្រយោជន៍ ជាមួយភាគីកម្ពុជា ដើម្បីសម្រេចគោលដៅទំនើបកម្មរៀងៗខ្លួន

30


ភ្នំពេញ៖លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា៖ ប្រទេសចិនស្ម័គ្រចិត្តចែករំលែកផលប្រយោជន៍បានមកពីការអភិវឌ្ឍន៍ជាមួយភាគីកម្ពុជា ដើម្បីចាប់ដៃគ្នាសម្រេចគោលដៅទំនើបកម្មរៀងៗខ្លួន រួមគ្នាជាមួយភាគីកម្ពុជាបន្តធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និង ផ្លូវ» និង «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា ដើម្បីបង្កើនជីវភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។
លោកបានលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
អគ្គរដ្ឋទូតចិន ដែលមានរហ័សនាមអ្នកចម្បាំងចចក រូបនេះបានបញ្ជាក់ទៀតថា «ប្រទេសចិនស្ម័គ្រចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង លើឆាកអន្តរជាតិជាមួយភាគីកម្ពុជា រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីចូលរួមកាន់តែច្រើនបន្ថែមទៀតសម្រាប់សន្តិភាព និង វិបុលភាព ក្នុងតំបន់ ក៏ដូចជា ក្នុងពិភពលោកទាំងមូល»។
ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និង ការបើកទូលាយប្រកបដោយកម្រិតខ្ពស់ របស់ប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនជូនគ្រប់ប្រទេសលើពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រទេសចិន ស្ម័គ្រចិត្តផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយភាគីកម្ពុជា ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមស្ថានភាពប្រទេសរបស់រៀងៗខ្លួន។ នេះគឺជាការបញ្ជាក់បន្ថែមពីលោក វ៉ាង វិនពីន (Wang Wenbin)។
សូមបញ្ជាក់ដែរថា លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកវេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ ។ ជាពិសេសបានចែករំលែក និង ជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវ អត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០៕

អត្ថបទដែលជាប់ទាក់ទង