រដ្ឋមន្ត្រីទេសចរណ៍ ព្យាករណ៍ថា មួយថ្ងៃអាចមានភ្ញៀវទេសចរប្រមាណ ៧០ម៉ឺននាក់ ទស្សនាព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរពី ៦០-៧០ម៉ឺននាក់ នឹងចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយក្នុងរយៈពេលបីថ្ងៃពេញ ភ្ញៀវទេសចរចូលទស្សនាមិនតិចជាង ២លាននាក់ នឹងចូលរួមទស្សនាព្រះពិធីបុណ្យដ៏ធំនេះ។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ថោង ខុន ត្រូវបានធ្វើឡើងក្រោយ បញ្ចប់កិច្ចសំណេះសំណាលជាមួយកីឡាករអុំទូកទាំង៣ របស់ក្រសួងទេសចរណ៍ និងស្រុកបារាយណ៍ ដែលស្នាក់នៅតាមរោងចំណុះទូកង ស្ថិតនៅខណ្ឌជ្រោយចង្វា នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ប្រហែលជា២លាននាក់យ៉ាងតិច ក្នុងរយៈពេលបីថ្ងៃ, ថ្ងៃដែលច្រើនជាងគេ គឺថ្ងៃទី២ ថ្ងៃទី៣ ហ្នឹងក្នុងមួយថ្ងៃ ប្រហែលជា៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់»។
លោក បន្តថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ប្រហែលមានចាប់ពី ៥ពាន់នាក់ ក្នុងមួយថ្ងៃៗ នេះបើគិតតែអ្នកចេញចូលទស្សនា លើវេទិកាទេសចរណ៍ដែលនៅមាត់ទន្លេ និងនៅមានទេសចរអន្តរជាតិ ដើរកំសាន្តច្រើនទៀតក្រៅវេទិកា។ នៅលើវេទិកាទេសចរណ៍ គេមានរៀបចំទទួលភេសជ្ជៈ មានអ្នកបកប្រែច្រើនភាសា។
លោក ជឿជាក់ថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកនេះច្រើនជាងឆ្នាំមុន ព្រោះក្រសួងទេសចរណ៍ បានផ្សព្វផ្យាយញឹកញាប់មកហើយ ហើយជីវភាពរស់នៅរបស់ប្រជាពរដ្ឋ ក៏កាន់តែមានការរីកចម្រើនជាងមុនផងដែរ។
ជាការពិតណាស់ ព្រះរាជអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ពោលគឺនឹងបើកឆាកដំបូងនៅថ្ងៃស្អែកនេះហើយ ក្នុងនោះលោក ថោង ខុន បានដាក់តឿនផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ សូមគិតគូរពីសុខភាពជាចម្បង កុំសូវដើរលេងច្រើនពេក ក្រែងគ្មានកម្លាំងគ្រប់គ្រាន់ក្នុងពេលប្រណាំង។
លោក បានថ្លែងថា ការប្រណាំងទូកនេះ ចាញ់-ឈ្នះ ជារឿងធម្មតា ប៉ុន្តែអ្វីដែលសំខាន់គឺការចូលរួម ការរួបរួមសាមគ្គីគ្នា ការរាប់អានគ្នាទៅវិញទៅមក ព្រមទាំងការចូលរួមបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
លោក រដ្ឋមន្ត្រីបានបន្តថា កីឡាករអុំទូកទាំងអស់ត្រូវមានវិន័យ គោរពម៉ឺងម៉ាត់តាមបទបញ្ជារបស់គណៈកម្មការបច្ចេកទេស ត្រូវមានអនាម័យក្នុងការស្នាក់នៅហូកចុក ចៀសវាងការបរិភោគអាហារណាដែលនាំឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសគ្រឿងស្រវឹង និងគ្រឿងញៀនគ្រប់ប្រភេទ។ ចំណែកឯចុងភៅត្រូវចម្អិនអាហារបានគ្រប់គ្រាន់ មានអនាម័យល្អ ដើម្បីបំប៉នកម្លាំងកីឡាករក្នុងក្រុមរបស់ខ្លួនឱ្យមានកម្លាំងថាមពលខ្លាំងក្លា។
លោក រដ្ឋមន្ត្រីបានសុំឱ្យកីឡាករ និងអ្នកចូលរួមទាំងអស់ ចូលរួមថែរក្សាអនម័យសាធារណៈ បរិស្ថានឱ្យបានល្អ កុំបោះសំរាមចោលផ្តេសផ្តាស ត្រូវបោះដាក់ក្នុធុងសំរាម ហើយបើឃើញសំរាមជាដប កំប៉ុង ឬប្លាស្ទិក ស្នើជួយរើសមកដាក់ក្នុងធុងសំរាម ដែលសាលារាជធានីបានរៀបចំ។ គួរនាំគ្នាកែទម្លាប់រស់នៅជាបណ្តើរៗ ដើម្បីឱ្យប្រទេសកម្ពុជាពោរពេញដោយភាពស្អាត និងបៃតង មានអនាម័យល្អ៕