កូនប្រុសមេដឹកនាំដែលត្រូវបាន ផ្តួលរំលំរបស់បង់ក្លាដែស ព្រមានពី «ភាពវឹកវរ» បើគ្មានការបោះឆ្នោតឆាប់រហ័សទេ
ញូវដេលី៖កូនប្រុសរបស់អតីតមេដឹកបង់ក្លាដែស ដែលត្រូវបានផ្តួលរំលំ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលញូវដេលីចំពោះការ «ជួយសង្គ្រោះជីវិតម្តាយគាត់»។ លោកក៏បានចោទប្រកាន់រដ្ឋបាលបណ្តោះអាសន្នថា បានអនុញ្ញាតឱ្យមាន «ការគ្រប់គ្រងដោយហ្វូងមនុស្ស» និងបានព្រមានពីភាពវឹកវរនាពេលខាងមុខ ប្រសិនបើគ្មានការបោះឆ្នោតឆាប់រហ័សទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
លោកស្រី Sheikh Hasina អាយុ ៧៦ ឆ្នាំ បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការបះបោរដែលដឹកនាំដោយនិស្សិត ហើយបានភៀសខ្លួនតាមឧទ្ធម្ភាគចក្រទៅកាន់ប្រទេសឥណ្ឌា ដែលជាសម្ព័ន្ធមិត្តយូរអង្វែង។
រដ្ឋាភិបាលរបស់លោកស្រី ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ រួមទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការលើគូប្រជែងនយោបាយរាប់ពាន់នាក់ ក្នុងអំឡុងពេលកាន់អំណាច ១៥ ឆ្នាំរបស់លោកស្រី។
យោធាបានប្រកាសពីការលាលែងពីតំណែងរបស់លោកស្រី ហើយបន្ទាប់មកបានយល់ព្រមតាមការទាមទាររបស់និស្សិត ឱ្យលោក Muhammad Yunus ដែលជាម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព អាយុ ៨៤ ឆ្នាំ ដឹកនាំរដ្ឋបាលបណ្ដោះអាសន្ន ដែលមានភារកិច្ចបញ្ចប់ភាពចលាចល និងអនុវត្តកំណែទម្រង់ប្រជាធិបតេយ្យ។
យ៉ាងណាក៏ដោយ កូនប្រុសរបស់លោកស្រី Hasina និងជាអតីតទីប្រឹក្សារដ្ឋាភិបាល ដែលស្ថិតនៅសហរដ្ឋអាមេរិក លោក Sajeeb Wazed Joy អាយុ ៥៣ ឆ្នាំ បានរិះគន់រដ្ឋាភិបាលបណ្ដោះអាសន្នថា «គ្មានអំណាច» និងថាសមាជិករដ្ឋាភិបាលគ្រាន់តែជា «មេដឹកនាំលើក្រដាស» ប៉ុណ្ណោះ។
លោក Sajeeb ក៏បានបង្ហាញការព្រួយបារម្ភថា រដ្ឋាភិបាលបណ្ដោះអាសន្នហាក់ដូចជាគ្មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍ និងត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពីក្រុមបាតុករ។ លោកថែមទាំងបានលើកឡើងពីការបណ្ដេញមន្ត្រីជាន់ខ្ពស់ រួមទាំងប្រធានតុលាការ អភិបាលធនាគារកណ្តាល និងប្រធានប៉ូលីស ដែលជាភស្តុតាងបញ្ជាក់ពីការគ្រប់គ្រងដោយហ្វូងមនុស្ស៕