សហរដ្ឋអាមេរិក ប្រកាសជាសាធារណៈពីការដាក់ពង្រាយនាវាមុជទឹក ទៅមជ្ឈិមបូព៌ា ចំពោះមុខភាពតានតឹងអ៉ីរ៉ង់-អ៉ីស្រាអែល
វ៉ាស៊ីនតោន៖មន្ទីរបញ្ចកោណ កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាឱ្យ ដាក់ពង្រាយនាវាមុជទឹកប្រដាប់ដោយមីស៊ីលមួយគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពោះមុខការគំរាមសងសឹកពីអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងអ៉ីស្រាអែល ក្រោយ ការសម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស និងហេសបូឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមពិតទៅ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Georgia បានស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេរួចទៅហើយ តាំងតែពីខែកក្កដាមកម្ល៉េះ។ ប៉ុន្តែនេះគឺជារឿងកម្រមួយ ដែលមន្ទីរបញ្ចកោណ ប្រកាសជាសាធារណៈពីការដាក់ពង្រាយនាវាមុជទឹក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅបន្ទាប់ពីកិច្ចពិភាក្សារបស់លោក Austin ជាមួយ សមភាគីអ៉ីស្រាអែលរបស់លោក មន្ទីរបញ្ចកោណបានឱ្យដឹងថាលោក Austin ក៏បានចេញបញ្ជាផងដែរឱ្យកងកម្លាំងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង Abraham Lincoln ពន្លឿនការដាក់ពង្រាយរបស់ខ្លួននៅក្នុងតំបន់។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសថានឹងដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបញ្ជូនសារកំញើញទៅកាន់អ៉ីរ៉ង់ និងបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការការពារអ៉ីស្រាអែល។ អ៉ីរ៉ង់ និងសម្ព័ន្ធមិត្ត បានគំរាមថានឹងសងសឹកអ៉ីស្រាអែលវិញ សម្រាប់ ការសម្លាប់មេដឹកនាំនយោបាយហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា និងការសម្លាប់មេបញ្ជាការជាន់ខ្ពស់ហេសបូឡា លោក Fuad Shukr ក្នុងទីក្រុងបេរូត ប្រទេសលីបង់។ អ៉ីស្រាអែលបានទទួលស្គាល់ថាខ្លួនជាអ្នកសម្លាប់លោក Fuad Shukr តែមិនបានប្រកែក ហើយក៏មិនបានទទួលស្គាល់អ្វីនោះដែរជុំវិញ ការចោទប្រកាន់ពីការធ្វើឃាតលោក Haniyeh៕