ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ NPAប្រចាំកម្ពុជា នៅតែជាគូរដ៏មានសារៈសំខាន់លើកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា
ភ្នំពេញ ៖ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកទីភ្នាក់ងារ NPAប្រចាំកម្ពុជា នៅតែជាគូរដ៏មានសារៈសំខាន់លើកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដគាំទ្ររាល់សកម្មភាពជួយបោសសម្អាតមីន នៅកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ខណៈ ឯកឧត្ដម បានទទួលជួប លោក Hans Risserនាយក(ថ្មី)ទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណ លោក Hans Risser នាយក(ថ្មី)NPA ប្រចាំកម្ពុជា ដែលបានមកបំពេញបេសកកម្មការងារ ក្នុងនាមជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយបានចាត់ទុកថា ភាពជោគជ័យ នៃបេសកកម្មរបស់ NPA គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងវិស័យមីនទីភា្នក់ងារNPA បានចូលរួមបង្កើតនូវប្រវត្តិសាស្រ្តមួយសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដូចជាការហ្វឹកហាត់សុ
នខ(ឆ្កែ) ហិតមីនដំបូងនៅកម្ពុជា និងការចូលរួមក្នុងការប្រកាសខេត្តកែបអស់មីនជាដើម។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគាំទ្រចំពោះ NPA គឺកន្លែងណាដែលប្រទេសកម្ពុជា មានគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងលែងបង្កហា និភ័យដល់មនុស្ស ហើយលែងជាឧបសគ្គដល់ការអភិវឌ្ឍទៀត ព្រមទាំងបានថ្លែងអំណរគុណដល់ NPA ដែលចូលរួមផ្តល់ជំនួយគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាបានសិក្សាស្រាវជ្រាវ និងប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមដោយខ្លួនឯងនៅខេត្តរតនគិរី ចាប់តាំងពីឆ្នាំ២០១៣។ ជាមួយគ្នានោះផងដែរ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលន័រវេស្សដែលបានគាំទ្រភាពជាប្រធានរបស់កម្ពុជា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។
ក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ ទីភ្នាក់ងារ NPA បន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន ក្នុងនោះរួមមានការគ្រប់គ្រងប្រព័ន្ធទិន្នន័យសកម្មភាពមីន ការរៀបចំផែនការសកម្មភាពមីន ការត្រួត ពិនិត្យគុណភាព និងសមត្ថ ភាពលើការរៀបចំផែនការយុទ្ធសាស្រ្តជាតិថ្មី ក៏ដូចជាបន្តគាំទ្រភាពជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ជាការឆ្លើយតប លោក Hans Risser នាយក(ថ្មី) NPA ប្រចាំកម្ពុជា បានបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន និងបន្តកិច្ចខិតខំប្រឹងប្រែងរួម ចំណែកសកម្មភាពមីនរហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅជាប្រទេសគ្មានមីន។ ទីភ្នាក់ងារ NPA នឹងបន្តគាំទ្រដល់សកម្មភាពនានាក្នុងនាមភាពរបស់កម្ពុជា នៃអនុញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីគោលដៅរួមឆ្ពោះទៅពិភពលោកមួយដែលគ្មានមីន។
លោក Hans Risser នាយក NPA ប្រចាំកម្ពុជា បានថ្លែងអរគុណដល់អាជ្ញាធរមីនដែលបានផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដល់បេសកម្មការងាររបស់ទីភ្នាក់ងារ NPA ប្រចាំកម្ពុជា នាពេលកន្លងមក និងពេលអនាគត នេះផងដែរ ៕. ដោយ សំរិត