ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពើហិង្សាផ្ទុះឡើងនៅប្រទេសបង់ក្លាដែស ប្រឆាំងសហគមន៍អ្នកកាន់សាសនាហិណ្ឌូ ក្រោយអតីតនាយករដ្ឋមន្រ្តី លោកស្រី Hasina ត្រូវបានទម្លាក់ចេញពីអំណាច

47


ដាក្កា៖ចាប់តាំងតែពីអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានបង្ខំឱ្យលាលែងពីតំណែង និងរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ដោយសារតែការផ្ទុះបាតុកម្ម យ៉ាងកក្រើកមក ក្រុមអ្នកគាំទ្រ និងអ្នកធ្លាប់បម្រើការឱ្យរដ្ឋាភិបាល របស់លោកស្រី ជាពិសេសសហគមន៍អ្នកកាន់សាសនាហិណ្ឌូ បានប្រឈមការវាយប្រហារ និងអំពើហិង្សាសងសឹក ដែលហាក់គ្មានការអើពើទប់ស្កាត់ពីអាជ្ញាធរឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤។
សមាជិកនៃសហគមន៍ហិណ្ឌូ ដែលជាជនជាតិភាគតិចនៅបង់ក្លាដែស បាននិងកំពុងប្រឈមហានិភ័យខ្លាំង ដោយសារតែ តាំងពីដើមមក ពួកគេបានគាំទ្រគណបក្ស Awami League របស់លោកស្រី Hasina ខណៈប្រទេសអាស៉ីខាងត្បូងមួយនេះ មានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៉ីស្លាម។ គិតតាំងពីលោកស្រី Hasina ត្រូវបានទម្លាក់ពីអំណាចកាលពីថ្ងៃទី៥ ខែសីហា មានការវាយប្រហារ យ៉ាងហោចណាស់២០០ករណី នៅតាមស្រុកចំនួន៥៥ ប្រឆាំងនឹងអ្នកកាន់សាសនាហិណ្ឌូ ក៏ដូចជាអ្នកកាន់សាសនាភាគតិច ដទៃទៀត។
យ៉ាងណាមិញ បើតាមការយល់ឃើញរបស់អ្នកជំនាញ វាហាក់ពិបាកក្នុងការកំណត់ឱ្យជាក់ច្បាស់ នៃដើមចមចម្បងដែលជំរុញឱ្យផ្ទុះ អំពើហិង្សាទាំងនោះ។ អ្នកជំនាញម្នាក់គឺលោក Thomas Kean បានលើកឡើងថា ករណីវាយប្រហារមួយចំនួន គឺប្រហែល ពាក់ព័ន្ធនឹងជំនឿសាសនាមែន ប៉ុន្តែអ្នកកាន់សាសនាហិណ្ឌូជាច្រើន នៅបង់ក្លាដែស មានទំនាក់ទំនងជាមួយបក្ស Awami League ដោយសារតែបក្សនេះ ត្រូវគេស្គាល់ថា ជាគណបក្សដែលការពារជនជាតិភាគតិច ដូច្នេះហើយពួកគេប្រហែលជា ត្រូវបានកំណត់ដោយគោលដៅ ដោយសារនិន្នាការនយោបាយ របស់ពួកគេ។
រដ្ឋាភិបាលបណ្តោះអាសន្ន ដែលកំពុងគ្រប់គ្រងប្រទេស ក្រោយការធ្លាក់ពីអំណាចរបស់លោកស្រី Hasina បានថ្កោលទោស សកម្មភាពវាយប្រហារ និងអំពើហិង្សាទាំងអស់នោះ ហើយបានអះអាងថា ខ្លួនកំពុងខិតខំធ្វើការជាមួយមេដឹកនាំតាមសហគមន៍ ដើម្បីធានាសុវត្ថិភាពដល់ហិណ្ឌូសាសនិកនានា នៅបង់ក្លាដែស។ អ្នកកាន់សាសនាហិណ្ឌូ មានចំនួន៨ភាគរយ នៃប្រជាជនបង់ក្លាដែសសរុប និងជាជនជាតិភាគតិចធំជាងគេ ក្នុងប្រទេសនេះ។
សម្រាប់មនុស្សភាគច្រើន ករណីអំពើហិង្សាខាងលើ បានគាស់ឡើងជាថ្មី នូវការចងចាំដ៏ឈឺចាប់ នៃសង្រ្គាមទាមទារឯករាជ្យឆ្នាំ ១៩៧១ របស់បង់ក្លាដែស ប្រឆាំងនឹងប្រទេសប៉ាគីស្ថាន ដែលអំឡុងពេលនោះ អ្នកកាន់សាសនាហិណ្ឌូ បានក្លាយជនរងគ្រោះ នៃអំពើហិង្សា។ ពួកគេក៏បានរងការវាយប្រហារផងដែរ អំឡុងការកើនឡើងឥទ្ធិពល របស់ក្រុមសកម្មប្រយុទ្ធអ៉ីស្លាម កាលពីទសវត្សរ៍ឆ្នាំ១៩៩០ ដែលត្រូវបានលោកស្រី Hasina បង្រ្កាបទៅវិញ។
ក្រុមអ្នកវិភាគមួយចំនួន ជឿជាក់ថា ការវាយប្រហារភាគច្រើនប្រឆាំងនឹងអ្នកកាន់សាសនាហិណ្ឌូ នៅក្នុងប្រទេសបង់ក្លាដែស មួយរយៈចុងក្រោយនេះ គឺត្រូវបានជំរុញដោយ ហេតុផលនយោបាយ ជាជាងដោយសាររឿងរើសអើងសាសនា ហើយវាស្តែងឱ្យឃើញពីការចងកំហឹង ប្រឆាំងនឹងគណបក្សរបស់ លោកស្រី Hasina។
គួរបញ្ជាក់ថា បញ្ហានេះក៏កាន់តែមានភាពរសើបខ្លាំង សម្រាប់ឥណ្ឌាផងដែរ ដោយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានចេញមុខសម្តែងក្តីបារម្ភ ជុំវិញសេចក្តីរាយការណ៍ អំពីករណីវាយប្រហារទាំងនោះ កាលពីសប្តាហ៍មុន។ យ៉ាងណាក្តី ក្រុមអ្នកជំនាញនិយាយថា ការខ្វះព័ត៌មានដែលអាចជឿទុកចិត្តបាន និងការស៉ើបអង្កេតផ្លូវការ បានបង្កឱ្យព័ត៌មានក្លែងក្លាយ លេចឡើងព្រោងព្រាត ស្តីពីការវាយប្រហារទាំងនោះ ហើយភាគច្រើនគឺចេញពីមកប្រព័ន្ធផ្សព្វផ្សាយ អ្នកប្រើបណ្តាញទំនាក់ទំនងសង្គម និងអ្នកនយោបាយ នៅឯប្រទេសឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង