ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះដាក់ថ្នាំសម្លាប់ដង្កូវទឹកលុបបំបាត់ជម្រកមូសខ្លា ទើបគ្មានការចំលងជំងឺគ្រុនឈាម

45

ភ្នំពេញ៖ទឹកដក់ថ្លាជាជម្រកមូសខ្លា ហើយវាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើងគ្មានជម្រកមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៤សីហានេះថា៖ដោយអនុវត្តតាមការណែនាំផ្ទាល់ពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលឯកឧត្ដមយកចិត្តទុកដាក់ពីសុខភាពប្រជាពលរដ្ឋក្នុងរដូវភ្លៀង មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានណែនាំបន្តឱ្យមន្ត្រីមណ្ឌលសុខភាពកតាមខណ្ឌនានាបចុះអប់រំផ្សព្វផ្សាយសុខភាពស្តីពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៊ែតសម្លាប់ដង្កូវទឹកតាមផ្ទះនិងភូមិរបស់ប្រជាពលរដ្ឋ។
លោកប្រធានបន្តថា៖ជាក់ស្ដែងកាលពីថ្ងៃទី១៣ខែសីហា ឆ្នាំ២០២៤មន្ត្រីមណ្ឌលសុខភាពកន្ទោកបានចុះអប់រំផ្សព្វផ្សាយសុខភាពស្តីពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៊ែតសម្លាប់ដង្កូវទឹក នៅភូមិកំរៀង ភូមិស្រែក្នុង ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជាធានីភ្នំពេញ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។
លោកប្រធានមន្ទីរបញ្ជាក់ថា៖ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៏ គឹជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។
មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោនិងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ។ល។
ការដាក់អាបែតក្នុងពាងនិងអាងទឹកដើម្បីសម្លាប់ដង្កូវទឹកជាការរួមចំណែកទុបស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕

អត្ថបទដែលជាប់ទាក់ទង