ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកណ្ដាល ដាក់ផែនការឲ្យអភិបាលក្រុងស្រុកទាំង១៣ ត្រូវដោះស្រាយបញ្ហាទឹកស្អាតឲ្យពលរដ្ឋប្រើប្រាស់គ្រប់ខ្នងផ្ទះទាំង៥០ភូមិ នៅឆ្នាំ២០២៥ខាងមុខនេះ

71

កណ្ដាល៖ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំអភិបាលក្រុងស្រុកទាំង១៣ ត្រូវក្ដាប់ឱ្យបាន និងតាមដានឱ្យជាប់នៅភូមិចំនួន៥០ភូមិ ទូទាំងខេត្តកណ្ដាល ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ត្រូវជំរុញឱ្យបានលឿន ដើម្បីធានាថាប្រជាពលរដ្ឋទាំង៥០ភូមិនេះ មានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤ ឬយ៉ាងយូរបំផុតត្រឹមឆ្នាំ២០២៥ខាងមុខ ត្រូវមានបណ្ដាញទឹកស្អាត ទៅដល់ភូមិទាំង៥០នេះ។
ឯកឧត្ដមអភិបាលខេត្តកណ្ដាល ដាក់កំហិតយ៉ាងម៉ឺងម៉ាត់បែបនេះ នៅគ្រាដែលលោក ប្រជុំជាមួយ អភិបាលក្រុង-ស្រុកទាំងអស់ មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនដែលជាសេវាករផ្គត់ផ្គង់ទឹកស្អាតទាំងអស់ទូទាំងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
ឯកឧត្ដមអភិបាលខេត្តបន្តថា ទឹកមាន២ប្រភេទ គឺទឹកស្អាត និងទឹកស្រោចស្រពទឹកស្អាតជាតម្រូវការចាំបាច់ដែលយើងត្រូវតែខិតខំក្នុងការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ និងត្រូវខិតខំដោះស្រារឿងនេះឲ្យលឿន និងឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋ បានប្រើប្រាស់ទឹកស្អាតនេះ ដោយមិនត្រូវអូសបន្លាយទៀតបានទេ។
ឯកឧត្ដមថា «នេះគឺជាការរួមចំណែកបំពេញនូវសេចក្ដីត្រូវការ និងការរួមចំណែកលើកកម្ពស់សុខុមារភាពសាធារណៈ នៅពេលប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ដោយកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រើប្រាស់ ទឹកមិនស្អាត។ ពាក់ព័ន្ធកិច្ចការនេះ ក្រុមហ៊ុនដែលជាសេវាករផ្គត់ផ្គង់ទឹកស្អាត ត្រូវតែមានការទទួលខុសត្រូវ ហើយត្រូវធ្វើឱ្យបានក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួន ហើយអ្នកដែលមិនមានការទទួលខុសត្រូវ សូមស្នើសុំលុបអាជ្ញាប័ណ្ណចេញ ហើយអ្នកដែលមិនអាចធ្វើទៅបាន ក៏ត្រូវស្នើសុំដកអាជ្ញាប័ណ្ណមកវិញ ដើម្បីរកដៃគូសេវាករណាដែលមានសមត្ថភាព មានទុន ក្នុងការវិនិយោគទៅលើការផ្គត់ផ្គង់សេវាទឹកស្អាតនេះ»។
ឯកឧត្ដមអភិបាលខេត្តបន្ថែមទៀតថា កន្លងមកអ្នកដែលបានផ្គត់ផ្គង់ទឹកស្អាតហើយ ហើយទឹកដែលប្រើប្រាស់នោះមិនស្អាត បន្ទាប់ពីកិច្ចប្រជុំនេះទៅសូមឱ្យមានការទទួលខុសត្រូវ អ្នកដែលបន្តខ្វះខាតក្នុងការទទួលខុសត្រូវលើការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងត្រូវទទួលរងការពិន័យទៅតាមច្បាប់។
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទាំងអស់ សូមមានការប្រកួតប្រជែងលើគុណភាពទឹកស្អាតជាមួយនឹងរដ្ឋាករទឹក ដើម្បីធានាថាទឹកស្អាតរបស់យើងប្រើប្រាស់ទៅមិនប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ យើងមិនត្រូវបណ្ដោយឱ្យបញ្ហាទឹកស្អាតនេះគំរាមកំហែងដល់សុខភាពរបស់អ្នកប្រើប្រាស់ជារៀងរហូតនោះទេ គឺត្រូវតែមានការកំណត់ច្បាស់លាស់ និងការទទួលខុសត្រូវពីម្ចាស់សេវាករ៕

អត្ថបទដែលជាប់ទាក់ទង