ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប៖ បើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិន ត្រឹមត្រូវ តាមអត្តសញ្ញាណប័ណ្ណ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ

46

ភ្នំពេញ៖លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប បានលើកឡើងថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២៣ មានគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យ ក្នុងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះ បោះឆ្នោត តាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធស្ដីពី «ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត និងលទ្ធផលបណ្តោះអាសន្ន នៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣» នៅទីស្ដីការ គ.ជ.ប។
លោក ជឺ ចំណាន បានបន្ដថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោត អចិន្រ្តៃយ៍ ដូចដែលយើងបានធ្វើជារៀងរាល់ឆ្នាំ ស្របតាមច្បាប់បោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាពដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណ របស់អ្នកបោះឆ្នោត។
លោក ជឺ ចំណាន បានថ្លែងថា ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ មានចំនួន ៩.៨៧១.៤៩៥នាក់ ក្នុងនោះស្រ្តីមានចំនួន ៥,២៤០,៩៧៩នាក់។ នៅមុនបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជី បោះឆ្នោតចុងក្រោយនេះ តាមមធ្យោបាយ ដូចតទៅ៖
-គ.ជ.ប នឹងផ្សព្វផ្សាយនៅលើគេហទំព័រ voterlist.nec.gov.kh(https://voterlist.nec.gov.kh/) និងតាមរយៈកម្មវិធីទូរសព្ទដៃ (https://voterlist.nec.gov.kh/) App (NEC KH)។
-លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅតាម ទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច ១០ (ដប់)ថ្ងៃ មុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្នុងឆ្នាំនេះ ការបិទផ្សាយនឹងត្រូវធ្វើនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
លោកបានបន្ដថា គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានសិទ្ធិស្នើសុំពី គ.ជ.បនូវបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់មួយ ឬ ច្រើន ដោយត្រូវបង់ថ្លៃត្រឹមថ្លៃផលិត បន្ទាប់ពីពេលដែលបញ្ជីនេះត្រូវបានបោះពុម្ពផ្សាយ។
លទ្ធផលបណ្តោះអាសន្ននៃការ ចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ យោងតាមផែនការមេ និងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ដំណើរការនៃការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល៣១ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។  
លើសពីនេះ លោក ជឺ ចំណាន បានបន្ថែមថា គោលដៅនៃការចែកលិខិតអញ្ជើញនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៣ បានពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន តាមឈ្មោះ និងទិន្នន័យផ្លូវការ ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព និងដើម្បីអញ្ជើញប្រជាពលរដ្ឋ មកកែតម្រូវក្នុងករណីឈ្មោះ ឬ និងទិន្ន ន័យក្នុងបញ្ជីបោះឆ្នោតកត់ត្រាមិនត្រឹមត្រូវ ឬធ្វើបច្ចុប្បន្នភាពក្នុងករណីទើប ទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាម ឃុំ សង្កាត់។
សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលសហការអនុវត្ត ដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិបានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន៦.២៨៧.១៤២នាក់ ស្មើនឹង៦៣,៦៩ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព៕

អត្ថបទដែលជាប់ទាក់ទង