ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាថៃ សម្រេចតែងតាំងអ្នកស្រី Paetongtarn ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

77


ក្រុងបាងកក៖រដ្ឋសភាថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហា បានសម្រេចបោះឆ្នោតជ្រើសតាំងអ្នកស្រី ផែថោងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជំនួស លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញ ដកតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រីផែថោងថាន ទទួលបានសំឡេងគាំទ្រលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុប៤៩៣នាក់ ដែលចាំបាច់ដើម្បី ក្លាយជានាយករដ្ឋមន្រ្តី។ តាមរយៈការបោះឆ្នោតជ្រើសតាំងនេះ បានធ្វើឱ្យលោកស្រីផែថោងថាន មានអាយុ ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ថៃ និងជានាយករដ្ឋមន្ត្រីទី៣១ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីទី២របស់ថៃ បន្ទាប់ពីលោកស្រី Yingluck ផងដែរ ហើយថែមទាំងជានាយករដ្ឋមន្ត្រីទី៤ ដែលមកពីគ្រួសារ Shinawatra បន្ទាប់ពីលោក Thaksin លោកស្រី Yingluck និងលោក Somchai Wongsawat ដែលត្រូវជាពូសាច់ថ្លៃរបស់លោកស្រីPaetongtarn។
សម្ព័ន្ធគណបក្សទាំង១១ ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) បានប្រកាសជ្រើសរើសល៩កស្រីផែថោងថាន ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីលោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្រ្តី។ តាមសាលក្រមតុលាការធម្មនុញ្ញថៃ លោក សេដ្ឋា ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែលោកបានបំពានក្រមសីលធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ៕

អត្ថបទដែលជាប់ទាក់ទង