ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់ហើយចូលគុកមិនរៀងចាលចេញមកឆក់ទៀតឆ្លៀតប្លន់បន្ថែម

96


ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ និងមានប្រវត្តិឆក់រាប់ភ្លេច ក្នុងរាជធានីភ្នំពេញ។

គួររំលឹកដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ២៣យប់ មានករណីក្រុមស្ទាវ៥នាក់ បានតាមវាយនិងធាក់ម៉ូតូជនរងគ្រោះម្នាក់ ឲ្យដួលក្នុងបំណងប្លន់យកម៉ូតូ តែត្រូវកម្លាំងល្បាតរបស់អាវុធហត្ថមូលដ្ឋានខណ្ឌសែនសុខ ទៅទាន់ឃាត់ខ្លួនបាន ២នាក់ភ្លាមៗនៅនឹងកន្លែង នៅចំណុចផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីស៊ើបអង្កេតបន្ថែម។

ក្រោមវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវឃាត់ខ្លួនបក្ខពួក៣នាក់ផ្សេងទៀតជាបន្តបន្ទាប់ ក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ជនសង្ស័យទាំង៥នាក់ដែលអាវុធហត្ថឃាត់ខ្លួនបានរួមមាន៖ ឈ្មោះ យ៉ាន់ ច័ន្ទឆ័យយ៉ា អាយុ ១៧ឆ្នាំ, ឈ្មោះ គង់ សុវណ្ណរិទ្ធ អាយុ ១៦ឆ្នាំ, ឈ្មោះ សុខ ចំរើន ហៅ បាលី អាយុ ១៥ឆ្នាំ, ឈ្មោះ ពី សេងហេង អាយុ ១៨ឆ្នាំ និងឈ្មោះ ម៉ង់ ជាតិសុភ័ក្រ អាយុ ១៥ឆ្នាំ។

តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញ ជនសង្ស័យទាំង៥នាក់គឺមានសមាសភាព ធ្លាប់ធ្វើសកម្មភាពឆក់រាប់ភ្លេច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងធ្លាប់ជាប់គុក ធ្លាប់ជាប់ក្នុងមណ្ឌលផ្តាច់គ្រឿងញៀន ធ្លាប់រត់ចោលស្រុកផងដែរ ដូចជា៖
– ឈ្មោះ សុខ ចំរើន ហៅ បាលី ធ្លាប់ត្រូវបានជាប់ពន្ធនាគារព្រៃស ក្នុងអំឡុងខែមេសា ឆ្នាំ២០១៧ រយៈពេល១ឆ្នាំ ជាប់ពាក់ព័ន្ធករណីឆក់ ហើយចេញមកវិញក៏បន្តមុខរបរឆក់ដដែលជាច្រើនលើក រហូតរាប់ភ្លេចនិងឈានទៅមួយកម្រិតទៀត គឺប្លន់។
– ឈ្មោះ ពី សេងហេង ធ្លាប់ជាប់ក្នុងមណ្ឌលកែប្រែផ្តាច់សារធាតុញៀនឱកាសខ្ញុំ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៧ រយៈពេល ១ឆ្នាំ ពាក់ព័ន្ធករណីញៀនថ្នាំ ហើយចេញមកវិញក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៨ ក៏ចូលរួមធ្វើសកម្មភាពឆក់ប្លន់ជាមួយបក្ខពួក ជាច្រើនលើក រហូតរាប់ភ្លេច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
– ឈ្មោះ ម៉ង់ ជាតិសុភ័ក្ត្រ ធ្លាប់រត់ចោលស្រុក៣ខែ ពីភ្នំពេញ ទៅសម្ងំលាក់ខ្លួនក្នុងខេត្តកំពត ក្នុងឆ្នាំ២០១៧ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ហើយបានឃើញព័ត៌មានថា បក្ខពួកខ្លួនម្នាក់ឈ្មោះ ថា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារព្រៃស។ បន្ទាប់ពីរត់ចោលស្រុកមួយរយៈ ក៏ត្រលប់ចូលភ្នំពេញវិញ ដើម្បីធ្វើសកម្មភាពឆក់ប្លន់បន្ត។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មុនពេលធ្វើសកម្មភាពវាយប្លន់យកម៉ូតូ គឺក្រុមចោរវ័យក្មេង ទាំងនេះបានធ្វើសកម្មភាពឆក់ទូរស័ព្ទ៣ដងផ្ទួនៗគ្នាជាមុន យ៉ាងព្រហើនបំផុតគឺ៖ នៅយប់ថ្ងៃទី១៦ ខែ១១ ឆ្នាំ២០១៨ ពួកគេបានឆក់ទូរស័ព្ទដៃ១គ្រឿង ពីជនរងគ្រោះប្រុសម្នាក់ ជិះកងបី នៅចំណុចស្ពានអាកាស៥មករា។ លុះដល់វេលាម៉ោងប្រមាណ២យប់ ឈានចូលថ្ងៃទី១៧ ពួកគេបានចេញឆក់ទូរស័ព្ទបាន១គ្រឿងទៀតពីជនរងគ្រោះ ភេទប្រុស កំពុងជិះម៉ូតូ នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។ លុះដល់ល្ងាចម៉ោងប្រហែល៥ ថ្ងៃទី១៧ ពួកគេបានឆក់ទូរស័ព្ទ១គ្រឿងទៀត ពីស្ត្រីម្នាក់កំពុងឈរថតរូប នៅក្បែរផ្សារអ៊ីអន២ ខណ្ឌសែនសុខ។ បន្ទាប់មកនៅយប់ ថ្ងៃទី១៧ដដែល វេលាម៉ោងប្រមាណ២៣យប់ ក្រុមចោរទាំងនេះ ក៏បានចេញប្លន់ម៉ូតូតែម្តងនៅចំណុចផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយប្រើរូបភាពដេញវាយជនរងគ្រោះដូចគេឈ្លោះគ្នា ហើយក៏ធាក់ម៉ូតូជនរងគ្រោះឲ្យដួល ហើយដេញជនរងគ្រោះឲ្យរត់ចោលម៉ូតូ រួចពួកគេចុះទៅលើកម៉ូតូជនរងគ្រោះ ដើម្បីជិះគេចខ្លួន តែសំណាងអាក្រក់ ក៏ត្រូវបានអាវុធហត្ថបង្ក្រាបបានជាបន្តបន្ទាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង