ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់ទាហាន១៦នាក់ នៅភាគខាងត្បូងយេម៉ែន

57

យេម៉ែន៖អាជ្ញាធរបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីព្រឹកថ្ងៃសុក្រ បានសម្លាប់ទាហានយេម៉ែនចំនួន ១៦នាក់ និង១៨នាក់ផ្សេងទៀតរងរបួស នៅក្នុងប៉ុស្តិ៍យោធាមួយក្នុងខេត្ត Abyan ភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។
អ្នកវាយប្រហារបានបើកបររថយន្ត ដែលផ្ទុកគ្រាប់បែកចូលទៅក្នុងទីតាំងកងកម្លាំងសន្តិសុខ នៅស្រុក Mudiyah នេះបើតាមការបញ្ជាក់របស់លោក Mohamed al-Naqib អ្នកកនាំពាក្យក្រុមប្រឹក្សាបណ្តុះអាសន្នភាគខាងត្បូងយេម៉ែន។
ទោះជាយ៉ាងណា មិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយ Al-Qaeda នៅឧបទ្វីបអារ៉ាប់ (AQAP) បានបង្កើនការវាយប្រហារលើគោលដៅយោធានៅក្នុងប្រទេសយេម៉ែន។
ក្រុម AQAP នៅយេម៉ែនបានប្រើប្រាស់ជម្លោះរយៈពេល៩ឆ្នាំ រវាងក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ និងសម្ព័ន្ធភាពដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេស ដែលមានព្រំប្រទល់ជាប់នឹងអារ៉ាប៊ីសាអូឌីត និងមានទីតាំងនៅជិតផ្លូវដឹកជញ្ជូនសំខាន់ៗ។
ក្រុមប្រឹក្សាបណ្តុះអាសន្នភាគខាងត្បូង ដែលជាសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងគ្រប់គ្រងតំបន់ភាគខាងត្បូងយេម៉ែន កំពុងបង្កើនការវាយប្រហារទៅលើក្រុម Al-Qaeda នៅខេត្ត Abyan។ ក្រុមប្រឹក្សានេះចង់បំបែកខ្លួនចេញពីយេម៉ែន ហើយបានបង្កើនការវាយប្រហារក្នុងឆ្នាំកន្លងមកនេះ។
គួរបញ្ជក់ថា ទោះបីជាមានការបង្ក្រាបពីសំណាក់យោធាអាមេរិក សម្ព័ន្ធភាព និងក្រុមហ៊ូធីអស់ជាច្រើនឆ្នាំក៏ដោយ ក៏ក្រុមប្រដាប់អាវុធ AQAP នៅតែអាចរស់រានមានជីវិតបាន ដោយសារតែស្ថានការណ៍វឹកវរនៅក្នុងប្រទេសយេម៉ែន ការគាំទ្រពីកុលសម្ព័ន្ធមួយចំនួន និងដោយសារតែទឹកដីដ៏ធំល្វឹងល្វើយនៅក្នុងប្រទេសនេះ៕

អត្ថបទដែលជាប់ទាក់ទង