ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញបាន ណែនាំឱ្យអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំងអស់អនុវត្តការងារព្រមៗគ្នានិងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលស្របច្បាប់

84

ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអោយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំងអស់អនុវត្តការងារព្រមៗគ្នានិងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ។
ការណែនាំនេះរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ នាព្រឹកថ្ងៃសៅរ៌ទី១៧សីហានេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងនោះឯកឧត្ដមអភិបាលបានបញ្ជាក់ច្បាស់ថា៖កិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាង៣លាននាក់ ប្រៀបបានទៅនឹងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ១៧លាននាក់នៅទូទាំងប្រទេសដែរពី ព្រោះរាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាយើង។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា៖ ការបើកកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីរំលឹកឱ្យអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំងអស់កុំឱ្យមើលស្រាលសភាពការណ៍ ព្រោះថា ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហានេះ ពួកគេមិនមែនមកធ្វើបាតុកម្ម ដោយការបញ្ចេញមតិនោះទេ គឺមានគម្រោងប្រើអំពើហឹង្សាតែម្តង។ដូច្នេះកម្លាំងទាំងអស់ត្រូវតែម៉ត់ចត់បំផុត ពិសេសចំពោះគោលដៅចូលរាជធានីភ្នំពេញ បើមានការសង្ស័យត្រូវឃាត់ខ្លួនសួរនាំនិងធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់។ផ្ទុយទៅវិញបើពិនិត្យឃើញថា ពួកគាត់មានចេតនាចូលមករាជធានីភ្នំពេញដើម្បីធ្វើការរកស៊ីមែននោះ សូមសម្រួលជូនពួកគាត់ភ្លាម។
ឯកឧត្តមឃួង ស្រេង បានបន្តទៀតថា៖ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធរបស់យើង ពិតជានើយហត់ខ្លាំងហើយ ក្នុងតំណាក់កាលនេះ តែយើងពិតជាមានមោទនភាពខ្លាំងណាស់ដែរ ដែលបានចូលរួមក្នុងកិច្ចការថែរក្សាសន្តិភាពជូនជាតិនិងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង