កងកម្លាំងសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម ល្បាតតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ៖ដើម្បីរក្សាបាននៅសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងដើម្បីទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហា ស្អែកនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារាត្រីថ្ងៃទី១៧សីហានេះ បានចាត់ចែងកម្លាំង មានសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម តាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយនិងការល្បាត ចល័តកម្លាំងតាមគោលដៅច្រកចេញ-ចូលរាជធានីភ្នំពេញផងដែរ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃ១៧សីហានេះ បានផ្ញើរសារជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់សូមជឿជាក់លើរាជរដ្ឋាភិបាល ដោយអាជ្ញាធរនិងកងកម្លាំងរបស់យើងបានយកអស់កម្លាំងកាយចិត្តដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។ជាក់ស្តែងនៅពេលនេះ កម្លាំងរបស់យើងមួយចំនួនធំ កំពុងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ ហើយកម្លាំងរបស់យើងមួយចំនួនទៀតបានយកមកប្រើប្រាស់ ក្នុងការបង្ការនិងទប់ស្កាត់ជម្ងឺគ្រុនឈាមទៅតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា៕