ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះ​អង្គ​ធម្ម​វនវាសី ចន្ទ មុនី នឹង​និមន្ត​ទៅ​កាន់​ខេត្ត​ទាំង​៤ គឺ​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹង​ត្រែង ចាប់​ពី​ថ្ងៃ​ទី​២០ សីហា ​ឆ្នាំ​២០២៤ ​

43

ភ្នំពេញ៖សម្តេច​តេ​ជោ ​ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់ឲ្យ​ដឹង​ថា ព្រះ​អង្គ​ធម្ម​វនវាសី ចន្ទ មុនី នឹង​និមន្ត​ទៅ​កាន់​ខេត្ត​ទាំង​៤ គឺ​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹង​ត្រែង ចាប់​ពី​ថ្ងៃ​ទី​២០ សីហា ​ឆ្នាំ​២០២៤ ​ដូច្នេះ​ សូម​ប្រជា​ពុទ្ធបរិស័ទ ជ្រាប​ជា​ដំណឹង និង​ត្រៀម​ទទួល​ព្រះ​
អង្គ​ ។
ការ​និមន្ត​របស់​ព្រះ​អង្គចន្ទ មុនី​ បន្ទាប់​ពី​ព្រះ​មាន​សង្ឃដីកាមាន​អ្នក​បងប្អូន​មួយ​ចំនួនបាន​យល់​ច្រឡំ​លើ​រាជរដ្ឋាភិបាល រហូត​ដល់​ញុះញង់​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង ​និង​រាជរដ្ឋាភិបាល​ ពាក់ព័ន្ធ​នឹង​រឿង​តំបន់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា វៀតណាម និង​ឡាវ​ ។
យោង​តាម​សារ​សម្លេង​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន​ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤ ​បាន​ស្នើ​ឲ្យ​អភិបាលខេត្ត​ទាំង​៤ ​ត្រៀម​លក្ខ​ខណៈ​ទទួល​រៀបចំ​ក្នុងការ​ទទួល ​ដើម្បី​ឲ្យ​ព្រះ​អង្គ​ទស្សនកិច្ច​នៅ​តាម​ប​ណ្តោ​យ​​ព្រំដែន​ផង​ដែរ ​។
សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​ «​ខ្ញុំ​ស្នើ​ឲ្យ​អភិបាលខេត្ត​ក្រចេះ អភិបាលខេត្ត​ស្ទឹង​ត្រែង អភិបាល​ខេត្តមណ្ឌល​គិរី និង​អភិបាលខេត្ត​រតនគិរី ស្អែក​នេះ​ នឹង​មានការ​និមន្ត​របស់​ព្រះ​អង្គចន្ទ មុនី ទៅ​កាន់​ខេត្ត​ឦ​សាន្ត​របស់​យើង​ដោយ​មានការ​រៀបចំ​របស់​អភិបាលខេត្ត​កំពង់ឆ្នាំង ​។ ខ្ញុំ​សូម​ឲ្យ​ឯកឧត្តម​ទាំង​៤​ខេត្ត​រៀបចំ​ក្នុង​ការ​ទទួល ដើម្បី​ព្រះ​អង្គចន្ទ មុនី អាច​ទស្សនកិច្ច​តាម​ប​ណ្តោ​យ​ព្រំដែន​វៀតណាម​តាំងពី​ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី រហូត​ដល់​ខេត្តស្ទឹងត្រែង​ជាប់​ជាមួយនឹង​ប្រទេស​ឡាវ​»​។
សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ​ការ​និមន្ត​របស់​ព្រះ​អង្គចន្ទ មុនី គឺ​ទៅ​មិន​លាក់លៀម​ទេ គឺ​ទៅ​ជា​ចំហដែល​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​ប្រជាពលរដ្ឋ​ដែល​មានការ​ជឿរ​ចំពោះ​ព្រះ​អង្គ​អាច​ចូលរួម​បាន​។សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា​ « យើង​ត្រូវធ្វើ​កិច្ច​ការងារ​នេះ​ ហើយ​ថែទាំ​ព្រះ​អង្គ ឲ្យ​បាន​ល្អ ដោយ​សារ​តែ​នេះ​គឺជា​ខែ​ចូល​ព្រះ​វស្សា ដូច្នេះ​ ត្រូវ​ប្រុង​ព្រៀប​ចង្ហាន់​ដើម្បី​ព្រះ​អង្គ​សឹង​នៅ​ក្នុង​វត្ត​នី​​មួយ​ៗ ហើយ​ក្នុង​វត្ត​នី​​មួយ​ៗ​ប៉ុន្មាន​ថ្ងៃ​នៅ​ក្នុង​ខេត្ត​នោះ​។ ក្រៅពី​ប្រជាជន​នៅ​ក្នុង​ខេត្ត​នោះ​ ក៏​អាច​មាន​ប្រជាជន​ទៅ​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ ដែល​ជឿ​លើ​ព្រះ​អង្គ​ទៅ​ដែរ ​។
ហេតុ​ដូច្នេះ​ ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ ដើម្បី​ធានា​សុវត្ថិភាព និង​សុខភាព​របស់​ព្រះ​អង្គ​ផង ព្រមទាំង​ការពារ ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ ទៅ​រក​ព្រះ​អង្គ​ផង​ដែរ​»​ ។
សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​បន្ថែម​ថា ​ម្ខាង​ត្រូវ​ធានា​សន្តិសុខ និង​ម្ខាង​ទៀត​ធានា​ចំ​ពោះ​សុខភាព​របស់​ព្រះ​អង្គ និង​ម្ខាង​ទៀត​ថា​ ការពារ​សុវត្ថិភាព​សម្រាប់​ប្រជាជន​ទូ​ទាំង​ដែល​មាន​ជំនឿ​លើ​ព្រះ​អង្គ​។ ដូច្នេះ​សូម​រៀបចំ​ការងារ​ជាមួយ​អភិបាលខេត្ត​កំពង់​ឆ្នាំ​ង ។
ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អង្គ ចន្ទ មុនី គឺ​អភិបាលខេត្ត​កំពង់​ឆ្នាំ​ជា​អ្នក​រៀបចំ ដូច្នេះ​ ភិ​បាល​ទាំង​៤ មាន​ក្រចេះ មណ្ឌលគិរី រតនគិរី និង​ស្ទឹង​ត្រែង ​ជា​ម្ចាស់ផ្ទះ​ដូច្នេះ​ទៅ​ខេត្ត​ណា​មុន ខេត្ត​ណា​ក្រោយ​សូម​រៀបចំ​ជាមួយ​គ្នា​៕

អត្ថបទដែលជាប់ទាក់ទង