ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញ បច្ចុប្បន្ន សម័យតេជោ

46

ភ្នំពេញ៖ភ្នំពេញ គឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ ការអភិវឌ្ឍន៍ដែលមិនធ្លាប់មានបែបនេះ កើតឡើងក្នុងសម័យកាល នៃការដឹកនាំរបស់សម្តេច តេជោ ហ៊ុន​ សែន មុននឹងមានថ្ងៃនេះ រាជធានីភ្នំពេញ បានឆ្លងកាត់ការវិវត្តដ៏ច្រើនដំណាក់កាល ។
តាមរយៈការស្វែងរកសន្តិភាពជូនកម្ពុជា របស់សមមិត្ត ហ៊ុន សែន និងក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ រាជធានីភ្នំពេញ បានប្រែក្លាយយ៉ាងឆាប់រហ័ស ពីទីក្រុង ដែលញ៉ាំញ៉ីឡើងនិងខ្ទិចខ្ទាំ ដោយភ្លើងសង្គ្រាម មកជាទីក្រុងដែលមានសុខសន្តិភាព ​រីកចម្រើន ទំនើបនិងស៊ីវីល័យ ។
ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ភ្នំពេញសម្រេចបានការអភិវឌ្ឍន៍យ៉ាងច្រើន ស្ទើគ្រប់វិស័យ គិតត្រឹមឆ្នាំ២០២៣នេះ ប្រជាជនក្នុងទីក្រុងភ្នំពេញ កើនដល់ប្រមាណជាង២លាននាក់ ហើយទីក្រុងភ្នំពេញ ក៏បានពង្រីកខ្លួនជាបន្តប​ន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ ទីក្រុងភ្នំពេញ មានទំហំផ្ទៃដី ជិត៧០០គីឡូម៉ែត្រការ៉េ មានចំនួន១៤ខណ្ឌ និង១០៥សង្កាត់ ។
ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រដ្ឋបាលរាជធានី បានកសាង សង់ស្ពានអាកាស ផ្លូវក្រោមដី ស្ពានអាកាសថ្មើរជើង និងសួនច្បារជាច្រើនកន្លែង ដើម្បីកាត់បន្ថយភាពកកស្ទះ បង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ ក៏ដូចជាបង្កើនគុណភាពជីវិត ដល់អ្នករស់នៅក្នុងរាជធានីភ្នំពេញ លើសពីនេះទៅទៀត ផ្លូវថ្មីៗ ត្រូវបានស្ថាបនាឡើងជាបន្តបន្ទាប់ រីឯផ្លូវចាស់ៗត្រូវបានពង្រីក ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្ត និងការកកស្ទះ អាគារខ្ពស់ៗរួមមាន អាគារពាណិជ្ជកម្ម ផ្សារទំនើប និងលំនៅឋានបានរីកដូចផ្សិត នៅគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញ ។
បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ៗជាង២ពាន់អគារ ដែលបម្រើឱ្យការរស់នៅ និងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម លើសពីនេះទៅទៀត សំណង់លំនៅឋានតាមបែបសហគមនិងបុរី បានរីកដុះដាលជាហូរហែ ដើម្បីបម្រើតម្រូវការនូវកំណើនប្រជាជន ។ បច្ចុប្បន្នភ្នំពេញ មានការអភិវឌ្ឍន៍លំនៅឋាន ប្រមាណជាង៣០០កន្លែង ។ ចំពោះវិស័យនវិនិយោគ និងកមន្តសាល​ រាជធានីភ្នំពេញ បាននិងកំពុងទាកទាញអ្នកវិនិយោគជាតិ អន្តរជាតិ មកបោះទុន បង្កើតតំបន់សេដ្ឋកិច្ចពិសេសប្រកបដោយស្តង់ដារអន្តរជាតិ នៅតាមជាយទីក្រុងភ្នំពេញ បង្កើតក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ផលិតនូវផលិតផលដ៏មានសក្តានុពលជាច្រើនប្រភេទសម្រាប់នាំចេញ ជារួមរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស ប្រមាណ១ម៉ឺនសហគ្រាស ដែលផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋនៅខេត្តជុំវិញ ប្រមាណរាប់សិបម៉ឺននាក់ និងផ្តល់ជាប្រាក់ឈ្នួលសរុបខ្ទង់ពាន់លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ។
ចំពោះការផ្គត់ផ្គង់ថាមពល សាខាអគ្គិសនីរាជធានីភ្នំពេញ បានពង្រីកវិសាលភាពផ្គត់ផ្គង់ និងបម្រើសេវាដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ។ បច្ចុប្បន្ននេះ ប្រជាបលរដ្ឋ និងអ្នកប្រើប្រាស់អគ្គិសនីដែលនៅក្នុងខណ្ឌទាំង១៤ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងថ្លៃអគ្គិសនីមានតម្លៃសមរម្យ ។
ភ្នំពេញ បានប្រែក្លាយពីទីក្រុងខ្មោច ពីទីក្រុងដែលសល់ពីផេះផង់នៃសង្គ្រាម មកជាទីក្រុងដែលទាក់ទាញ់ទេសចរជាតិ និងអន្តរជាតិ ។ ភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ​ ប្រមាណជាង២លាន និងអន្តរជាតិក្នុងរង្វង់ ជាង៤លាននាក់ជាប្រចាំឆ្នាំ ។ ភ្ញៀវទេសចរអន្តរជាតិ មានចំណាប់អារម្មណ៍ ស្វែងយល់ពីការរស់នៅ សិល្បៈ និងវប្បធម៌ របស់ប្រជាជននៅភ្នំពេញ និងចូលចិត្ត ការកម្សាន្តនៅពេលរាត្រី ។ ភ្នំពេញ បានក្លាយជាថ្នាលនៃការសិក្សាអប់រំ របស់ប្រទេសកម្ពុជា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ពីមតេយ្យសិក្សាដល់មធ្យមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន មានកើនឡើងជាលំដាប់ ។ ចំពោះវិស័យសុខាភិបាល ជាវិស័យអទិភាពមួយ ដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងចំណោមវិស័យផ្សេងៗជាច្រើនទៀត ដើម្បីលើកម្ពស់សុខមាភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ រាជធានីភ្នំពេញ មានមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកនៅតាមខណ្ឌ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សរុបប្រមាណ១០០អង្គភាព និងមានមន្ទីរពេទ្យឯកជនរាប់រយកន្លែង ។
រាជធានីភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ចំនួន៣លើក ដែលលើកទី១ ធ្វើនៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២២ និងបានធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោយការទ​ន្ទឹមរងចាំ៦៤ឆ្នាំ របស់ប្រជាជនកម្ពុជា តាមរយៈការធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ ជាទឹកតាងដែលបង្ហាញថា កម្ពុជា ក៏ដូចជារាជធានីភ្នំពេញ សម្រេចបានសន្តិភាព និងសុខសុវត្ថិភាពពេញលេញ ។
បច្ចុប្បន្នេះ រាជធានីភ្នំពេញ បានបន្តការអភិវឌ្ឍន៍ឥតឈប់ឈរ និងបានក្លាយជាទីក្រុងដែលមានភាពទាក់ទាញ ពោពេញដោយភាពសុខដុមរមនា ក្នុងការរស់នៅ និងប្រកបរបរការងារ អាចនិយាយបានថា រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានស្គាល់ការប្រែមុខមាត់ថ្មី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា និងដែលត្រូវចារទុកក្នុងក្រាំងមាសថា ជាដំណាក់កាលនៃការអភិវឌ្ឍន៍ ដល់កម្រិតកំពូលមួយ របស់រាជធានីភ្នំពេញ ដែលមិនធ្លាប់មានពីមុនមក ។
រហូតមកទល់សព្វថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជា នារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេស ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យ ​ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ក៏ដូចជាអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនថែមទៀត ។
ក្រោយចូលកាន់តំណែងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរប្រកបដោយភាពស្វាហាប់និងថាមពល ដោយរក្សាបាននូវសុខសន្តិភាព និងការអភិឌ្ឍបានដាក់ចេញបេសកកម្មជាប្រវត្តិសាស្ត្រ ​ដើម្បីពន្លឿនការអភិវឌ្ឍតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ញកោណ ដំណាក់កាលទី១ ដែលមានដាវចនាប្រាំគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអទិភាពគន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ។ គម្រោងជាច្រើនបាននិងកំពុងដំណើរការ ៕

អត្ថបទដែលជាប់ទាក់ទង