ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋដែលស្លាប់៣នាក់ និងកំពុងសង្គ្រោះម្នាក់ នៅខេត្តតាកែវ គឺដោយសារពុលស្រាថ្នាំ

47

តាកែវ៖លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ខេត្តតាកែវ បានឲ្យដឹងថា ករណីមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ គឺដោយសារពុលស្រាថ្នាំពិតប្រាកដមែន។
លោកបានអះអាងថា ក្រោយមន្រ្តីជំនាញបានយកសំណាកទៅពិនិត្យ ពិសោធន៍ និងវិភាគ គឺលទ្ធផលស្រាថ្នាំនោះមានជាតិ មេតាណុលក្នុងស្រា មានកម្រិត១៥% ប្រសិនទទួលទានចាប់ពី ៦៦០មីលីលីតឡើងទៅ គឺអាចស្លាប់បាន។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះចំនួន៦នាក់ បានផឹកស្រាថ្នាំនៅផ្ទះឈ្មោះ គឹម សុខ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយពេលផឹកស្រារួច ជនរងគ្រោះចំនួន៤នាក់ មានអាការៈអស់កម្លាំងក្អួត ហូបអីមិនចូល បណ្តាលឲ្យជនរងគ្រោះ០៣នាក់បានស្លាប់បាត់បង់ជីវិតបន្តបន្ទាប់ និងម្នាក់ទៀតត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
លោកឧត្តមសេនីយ៍ ហ៊ិន សុខេង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបន្ថែមថា ក្រោយកើតហេតុដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនឈ្មោះ ងិន ណាន់ ដកហូតវត្ថុតាងដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ដ៕

អត្ថបទដែលជាប់ទាក់ទង