ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ខិតខំរៀនសូត្រដើម្បីប្រលងជាប់ទាំងអស់គ្នា និងជាប់និទ្ទេស A ឱ្យបានកាន់តែច្រើន អាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត

61

ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ខិតខំរៀនសូត្រដើម្បីប្រលងជាប់ទាំងអស់គ្នា និងជាប់និទ្ទេស A ឱ្យបានកាន់តែច្រើន អាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត ដែលនឹងត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ នៅសល់រយៈពេល ៤៨ ថ្ងៃទៀតនេះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូចនេះ នៅក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ទាំងពីរវិទ្យាល័យ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ខាងមុខថា «ការប្រឡងទាមទារឲ្យយើងមានចំណេះវិជ្ជាចេញពីខ្លួនឯង ទើបក្មួយៗអាចប្រឡងជាប់បានល្អ, ថ្ងៃប្រឡងយើងត្រូវគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ វាជារឿងមួយសំខាន់ កាលណាយើងគ្រប់គ្រងអារម្មណ៍មិនបានល្អ ធ្វើឲ្យយើងបាត់ការចងចាំ និងត្រូវទៅដល់មណ្ឌលប្រឡងឲ្យបានមុនម៉ោង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអារម្មណ៍បានល្អ ទើបទទួលបានជោគជ័យ»។
ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាល បានធ្វើការកសាង និងកែទម្រង់នូវប្រពន្ធអប់រំ ឈានឆ្ពោះទៅកាន់គោលដៅ ក្នុងការបង្កើននូវធនធានមនុស្ស ដែលមានចំណេះដឹង ចំណេះធ្វើ និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាល បានរុញសាលារៀនឲ្យនៅជិតនិងក្មួយៗ។ នេះជាការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានោះ ក៏បានអំពាវនាវឱ្យសិស្សានុសិស្ស មិនត្រូវជឿលើការញុះញង់ជនអគតិមួយចំនួនតូច ដែលបង្កឲ្យអសន្តិសុខនៅក្នុងសង្គម ត្រូវជឿលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំកសាងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ មាតុភូមិនិងប្រជាពលរដ្ឋ មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ជាពិសេសជំរុញវិស័យអប់រំ ឲ្យឱ្យមានការរីកចម្រើន ព្រោះប្រទេសជាតិមួយ មានការអភិវឌ្ឍ ទាមទារធនធានមនុស្សមានចំណេះដឹងជាចម្បង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនបំប៉ន ដល់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រលងនាពេលខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង