កម្ពុជាមានពលរដ្ឋរាប់ម៉ឺននាក់បាននិងកំពុងរស់នៅធ្វើការនៅកូរ៉េ នេះជាកម្លាំងចលករដ៏សកម្មក្នុងការជម្រុញការអភិវឌ្ឍន៏សេដ្ឋកិច្ចរបស់ប្រទេសទាំង២
ប្រទេសកូរ៉េ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានលើកឡើង ថា អាស៊ាន ជាពិសេស កម្ពុជាមានពលរដ្ឋជាច្រើនម៉ឺននាក់បាននិងកំពុងរស់នៅធ្វើការនៅកូរ៉េ ដែលទាំងអស់នេះនឹងក្លាយជាកម្លាំងចលករដ៏សកម្មក្នុងការជម្រុញការអភិវឌ្ឍន៏សេដ្ឋកិច្ចរបស់យើង ហើយក៏ជាគោលការណ៏នៃ Public Diplomacy ដែលនឹងធ្វើឲ្យទំនាក់ទំនងវប្បធម៌របស់យើងកាន់តែយល់គ្នានិងរឹងមាំ។
ការលើកឡើងបែបនេះរបស់លោក ឡុង ឌីម៉ង់ បានធ្វើឡើង នៅក្នុងជំនួបពិភាក្សាជាមួយប្រធានរដ្ឋសភាជាតិកូរ៉េថ្មីលោក Moon Hee-sang នៅមន្ទីររដ្ឋសភាជាតិកូរ៉េ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ។
ជាងនេះទៅទៀត លោក ឡុង ឌីម៉ង់ បានលើកឡើងបន្ថែមពីសារ:សំខាន់នៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាននិងកូរ៉េចំពេលដែលគោលនយោបាយបើកចំហរទៅទិសខាងត្បូង New Southern Policy របស់លោកប្រធានាធិបតី មូន ជែអុីន គូសវាសចំពេលដែលសហគមន៏សេដ្ឋកិច្ចអាស៊ាន ASEAN Economic Community បាននិងកំពុងតែចាប់ផ្តើមពង្រឹងខ្លួន។ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសពាណិជ្ជកម្មនិងវិនិយោគរវាងកូរ៉េនិងអាស៊ាន និយាយដោយឡែកជាមួយកម្ពុជា គួរបានជម្រុញនិងផ្ដល់អនុគ្រោះជាអតិបរមា។
ជាការឆ្លើយតបលោកប្រធានរដ្ឋសភាកូរ៉េក៏បានសន្យាពាំនាំនូវសំនើរសំណូមពរក៏ដូចជាទស្សនវិស័យរបស់បណ្តាទូតអាស៊ានយើងយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងជម្រុញឲ្យគោលនយោបាយនេះនឹងត្រូវបានអនុវត្តឡើងដើម្បីការរីកចម្រើនប្រកបសុខដុមនិយកម្មសម្រាប់តំបន់ទាំង២៕