ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន និងលើកទឹកចិត្តឲ្យពលរដ្ឋចូលរួម ដើម្បីរួមគ្នាការពារបូរណភាពទឹកដី

45


ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសពីការផ្ដួចផ្ដើមគំនិត ក្នុងការបង្កើតនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ទាំងអស់គ្នា។
តាមរយៈសេចក្ដីថ្លែងការណ៍បង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការកសាងផ្លូវនៅតាមបណ្ដោយព្រំដែន ជាមួយមូលនិធិនេះផងដែរ។
បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលជាគំនិតផ្ដួចផ្ដើមដោយផ្ទាល់របស់សម្ដេចនៅពេលនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលមានគោលដៅពីរ ទី១៖ កៀរគរថវិកាបន្ថែម និងទី២៖ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់យើង»។
ជាមួយគ្នានេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវតាមបណ្តោយព្រំដេនជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបាន ៦៨៦.៩៦គីឡូម៉ែត្រ លើផែនការសរុប១០៦៦គីឡូម៉ែត្រ។
បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បន្ដឆ្លើយតបជាមួយក្ដីកង្វល់របស់ប្រជាពលរដ្ឋអំពីការអភិវឌ្ឍខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី ដោយចាត់ទុកថា ការផ្ដួចផ្ដើមគំនិតបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន និងផ្ដល់ដីឲ្យប្រជាពលរដ្ឋទៅរស់នៅកាន់តែច្រើន ក៏ដូចជាការពង្រាយមន្ដ្រីបច្ចេកទេសកសិកម្ម គឺជួយបង្កើតជាសហថាមពលក្នុងការអភិវឌ្ឍខេត្តទាំង៤នេះតែម្ដង។
លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំកម្មវិធីចំនួន២បន្ថែមទៀត គឺ កម្មវិធីដំណើរកម្សាន្ដដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ចាប់ផ្ដើមអនុវត្តនៅខែកញ្ញា រហូតចុងឆ្នាំ២០២៤ ដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសយុវជនបានឃើញជាក់ស្ដែងនូវផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍ។ សម្ដេចសង្កត់ធ្ងន់ទៀតថា រាជរដ្ឋាភិបាលសូមធានាថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង