ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឱ្យរៀបចំកញ្ចប់លើកទឹកចិត្ត ជំរុញការវិនិយោគ នៅភូមិភាគឦសាន្ត ពិសេសវិនិយោគិនក្នុងស្រុក

30


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ជូនឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យរៀបចំកញ្ចប់លើកទឹកចិត្ត ដល់អ្នកវិនិយោគ នៅតំបន់ភូមិភាគឦសាន្ត ពិសេសលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក ឱ្យបោះទុនវិនិយោគកាន់តែច្រើន។
សម្តេចបានជំរុញឱ្យរៀបចំកញ្ចប់លើកទឹកចិត្តនេះឱ្យបានឆាប់ ឱ្យរួចរាល់នៅចុងឆ្នាំ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តន៍ នៅដើមឆ្នាំ ២០២៥។
សម្តេចចាត់ទុកថា ការដាក់ចេញនូវការលើកទឹកចិត្ត ជំរុញការវិនិយោគក្នុងស្រុកនេះ ជាផ្នែកមួយ ក្នុងការដោះស្រាយ នូវកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន ដែលបារម្ភអំពីការបាត់បង់ទឹកដី ពាក់ព័ន្ធគម្រោងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍-DTA ។
ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បន្ថែមពីលើការរៀបចំដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅភូមិភាគឦសាន្តនេះ ខ្ញុំក៏បានប្រគល់ភារកិច្ចមួយទៀតឱ្យ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្ត ជំរុញវិនិយោគនៅភូមិភាគឦសាន្ត សម្រាប់ឆ្នាំ២០២៥ ហើយសុំរៀបចំឱ្យបានចប់សព្វគ្រប់ នៅចុងឆ្នាំ២០២៤ ធ្វើយ៉ាងនេះ គឺយើងចង់លើកទឹកចិត្តទៅដល់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនក្នុងស្រុករបស់យើង ឱ្យទៅអភិវឌ្ឍន៍នៅតំបន់នោះតែម្តង»។
សម្តេចបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយ និងសកម្មភាពថ្មីៗនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យបាននូវការមិនបាត់បង់ទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដែលមិនត្រឹមតែខេត្តចំនួន៤ នៅភូមិភាគឦសាន្តនោះទេ គឺនៅក្របខណ្ឌទូទាំងប្រទេស។
ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត សូមធានាចំពោះមុខរបស់ប្រជាពលរដ្ឋថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិកម្ពុជា ក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្តេជ្ញាចិត្តដ៏ធំបំផុត របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង