បំបែកសំណុំរឿង នារីខ្មែរម្នាក់រងទារុណកម្មផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ព្រោះតែ ការសេពគប់ដៃគូរស្នេហាជាមួយជនបរទេសស្រុកឆ្ងាយ
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ ទើបតែបានបំបែកសំណុំរឿង នារីខ្មែរម្នាក់ដែលរងទារុណកម្មផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ព្រោះតែ ការសេពគប់ដៃគូរស្នេហាខុស ជាមួយជនបរទេសស្រុកឆ្ងាយ និងបង្ក្រាបជនសង្ស័យបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
នារីរងគ្រោះម្នាក់ឈ្មោះ ប.ឃ អាយុ៣០ឆ្នាំ បានស្គាល់រាប់អាននិងទំនាក់ទំនងស្នេហាជាមួយជនជាតិ អាល់សេរី (Algeria) ម្នាក់ ឈ្មោះ CHENIMI SID ALI ហៅSIDO តាមរយៈបណ្តាញទំនាក់ទំនងសង្គម Lovo និងបានរស់នៅជាមួយគ្នា ក្នុងផ្ទះជួល ដូចជា ប្តីប្រពន្ធ។ ក្រោយពេលរស់នៅជាមួយគ្នាបានមួយរយៈ បុរសជនជាតិ អាល់សេរី បាននាំនារីរងគ្រោះ ទៅដើរលេងនៅប្រទេស ម៉ាលេស៊ី និង វៀតណាម ហើយក៏ឆ្លៀតឱកាសបង្ខំឲ្យនារីរងគ្រោះជក់ស៊ីហ្សា ,ថ្នាំប្រភេទ Revotril និងPromitril និងបាន នាំនារីរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿនៗរហូត ធ្វើឲ្យដួលរបួសពេញរាងកាយ ហើយថែមទាំងបង្ខំ ឲ្យរួមភេទទាំងឈឺផងដែរ។ លើសពីនេះទៅទៀត ពេលត្រឡប់មកស្រុកខ្មែរវិញ បុរសឃោរឃៅ ជនជាតិ អាល់សេរី រូបនេះ ធ្លាប់បានយកខ្សែមកចងរឹត ក នារីរងគ្រោះ បង្ខំឲ្យទៅទារលុយពីម្តាយចំនួន ១ម៉ឺនដុល្លាអាមេរិក ដើម្បីយកមកឲ្យរូបគេ ដើរស៊ីចាយ ដោយឲ្យនារីរងគ្រោះ កុហក់ម្តាយថានាងមានផ្ទៃពោះ ត្រូវការលុយយកមកថែទាំកូន។ ការប្រើអំពើហឹង្សាលើរូបរាងកាយ ,ផ្លូវចិត្ត ,ផ្លូវភេទ និងបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន របស់បុរសជនជាតិអាល់សេរីទៅលើ នារីរងគ្រោះនេះ បានធ្វើឲ្យនាងក្លាយជាមនុស្សមិនប្រក្រតី បាត់បង់ស្មារតី (ដូចមនុស្សឆ្កួត)។ លុះដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នារីរងគ្រោះក៏បានលួចរត់ត្រលប់ទៅផ្ទះរស់នៅជាមួយក្រុមគ្រួសារវិញ។ ក្រោយពេលនារីរងគ្រោះត្រលប់មកផ្ទះវិញ ដោយមានសភាពមិនប្រក្រតី មានសតិមិនគ្រប់ ដូច្នោះប្អូនស្រីរបស់នារីរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលជាជនជាតិអាល់សេរី បញ្ជូនទៅតុលាការក្នុងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះតែម្តង។
អាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ថា បុរាណណាចារ្យខ្មែរ បានបន្សល់ទុកនូវពាក្យទូន្មានប្រៀនប្រដៅជាច្រើនតាមរយៈជាសុភាសិត ទុកជាការសម្គាល់ ឲ្យមនុស្សគ្រប់ជំនាន់ បន្តការសង្កេតនិងចងចាំ ចំណាំជាបទពិសោធន៍ ក្នុងជីវិតរស់នៅ។ ដូចសុភាសិតបុរាណ មួយឃ្លាពោលថា “ឈើកោងវល្ល៍ព័ទ្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត ” ដែលសុភាសិតនេះយើងអាចបកស្រាយ យ៉ាងខ្លីតាមន័យអត្ថានុរូបថា “ឈើកោងវល្ល៍ព័ទ្ធ” គឺនិយាយពីធម្មជាតិនៃរុក្ខជាតិ ដែលដុះ តាមព្រៃទោះតូចក្តីធំក្តី គេតែងឃើញមានវល្លិ៍ជារុក្ខជាតិ មានសណ្តានជាសរសៃបានពឹងពាក់ស្នាក់អាស្រ័យជាមួយ នឹងរុក្ខជាតិដែលមាន ទំហំធំជាងខ្លួន តែប្រសិនបើឈើនោះជាឈើធំត្រង់ខ្ពស់ វល្លិក៏មិនងាយក្នុងការពាក់ព័ន្ធឫជ្រកអាស្រ័យជាមួយនោះដែរ គឺមានតែឈើ ដែលមានសណ្តានកោង ឫមានភាពក្ងេកក្ងក់វៀចវេរ ពត់ពេននោះទេ ដែលវាជាការងាយស្រួលបំផុត សម្រាប់ វល្លិ៍វាឡើងរុំខ្លួនបន្តដំណើររួមរស់ជាមួយ ព្រោះវល្លិ៍តែងមានលក្ខណះទន់ដោយការងាករេ ពត់ពេនមិនអាចហក់ឡើងខ្ពស់ ដោយឯកឯងនោះឡើយ ។
ចំពោះឃ្លាថា ” មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត ” បុរាណចង់ប្រៀបធៀបថា មនុស្សប្រភេទអន់ខ្សោយ មកពីស្រុកឆ្ងាយ មិនច្បាស់លាស់ ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា ឬប្រភេទមនុស្សមានទោសរត់ចោលស្រុក មិនអាចវិលត្រឡប់ទៅវិញ បាន បុរាណហៅថា មនុស្សខ្ចាត់ព្រាត់ ដែលតែងតែស្វែងរកទីជម្រកណាមួយសម្ងំលាក់ខ្លួន ប្រៀបដូចវល្ល៍ដែល តែងតែស្រវា ឈើកោង តោងចាប់ជាបង្អែកនោះដែរ។ ប្រភេទមនុស្សខ្ចាត់ព្រាត់ប្រៀបដូចវល្ល៍នេះ មិនដែលនឹងរស់នៅជាមួយអ្នកណា ឲ្យបានសុខឡើយ មានតែនាំទោសពៃឬសេចក្តីវិនាសអន្តរាយដល់អ្នកសេពគប់ប៉ុណ្ណោះ៕