សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញវិធានការឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការមួយចំនួន ដោយសម្របសម្រួលជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យ បន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន។
ការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ពិសេសជាវីដេអូមួយរបស់សម្តេចស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានពិភាក្សាជាមួយធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រជួយសម្រាលបន្ទុករបស់អាជីវករ សហគ្រាស ប្រជាពលរដ្ឋ និងបង្កើនលំហូរសាច់ប្រាក់ចូលទៅក្នុងទីផ្សារ។
ជាលទ្ធផល ក្នុងទិសដៅធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់ រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា បានបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដែលអាចបង្កើនលទ្ធភាព ឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់ ចូលក្នុងសេដ្ឋកិច្ច អាចបានជាង២៣០០លានដុល្លារបន្ថែមទៀត។
សម្តេចបានបន្តថា បន្ថែមលើនេះ កាលពីវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ធនាគារជាតិ បានកាត់បន្ថយប្រាក់បម្រុងកាតព្វកិច្ច ជារូបិយបណ្ណរបស់គ្រឹះស្ថានធនាគារពី៩ភាគរយ មក៧ភាគរយ រហូតដល់ដំណាច់ឆ្នាំ២០២៤ ជាលទ្ធផលធនាគារមានទឹកប្រាក់បន្ថែមប្រមាណជាង១ពាន់លានដុល្លារដែរ សម្រាប់ចាក់ចូលទៅក្នុងសេដ្ឋកិច្ច។ ធនាគារជាតិបានសម្រេចអនុញ្ញាតឱ្យបន្តគោលការណ៍នេះ រហូតដល់ឆ្នាំ២០២៥។ បន្ថែមពីនេះ ធនាគារក៏បានឯកភាពពីនេះទៅមុខ ទី១. បន្ធូរបន្ថយបទប្បញ្ញត្តិពាក់ព័ន្ធនឹងការចាត់តាំងថ្នាក់ហានិភ័យ ឥណទានបច្ចុប្ប ន្នរបស់ធនាគារជាតិ ដោយអនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានស្តង់ដារឡើងវិញ ឥណទានមានប្រវត្តិសងត្រលប់ទៀងទាត់ជូនអតិថិជន បានចំនួន២លើក ដោយមិនចាំបាច់ ធ្វើចំណាត់ថ្នាក់មកជាឥណទានមិនល្អ រហូតដល់ដំណាច់ឆ្នាំ២០២៥។
សម្តេចបានបន្ថែមទៀតថា វិធីនេះនឹងធ្វើឱ្យអតិថិជនមានសាច់ប្រាក់ក្នុងដៃស្រាប់ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ឧទាហរណ៍ករណីបងប្អូនប្រជាពលរដ្ឋ ត្រូវបង់ធនាគារមួយខែ៥០០ដុល្លារទាំងដើមទាំងការ តាមរយៈគោលការណ៍ថ្មី ដែលធនាគារដាក់ចេញនេះ បងប្អូនប្រហែលជាអាចបង់ ត្រឹមពី៣០០ទៅ៤០០ដុល្លារ ទាំងប្រាក់ដើម និងការប្រាក់ ហើយប្រាក់ដែលនៅសល់១០០ទៅ២០០ដុល្លារ គឺសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបាន។
សម្តេចបានគូសបញ្ជាក់ថា ធនាគារជាតិ ក៏អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ បន្ថយរយៈពេលវាយតម្លៃក្នុងការរៀបចំចំណាត់ថ្នាក់ ឥណទានរៀបចំឡើងវិញពី៦ខែមកត្រឹម៣ខែ ដោយចាប់ផ្តើមអនុវត្តពីត្រីមាសទី៤ ឆ្នាំ២០២៤ រហូតដល់ ដំណាច់ឆ្នាំ២០២៥ ដើម្បីឱ្យបងប្អូនអាចស្នើរៀបចំឥណទានឡើងវិញបាន២ដង ដោយមិនប៉ះពាល់ដល់ឥណទាន នៅក្នុងប្រព័ន្ធការិយាល័យឥណទាន ឬ CBC។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា ចំពោះការរៀបចំឥណទានឡើងវិញ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏បានឯកភាពដាក់ចេញនូវគោលការណ៍មួយចំនួនដូចជា៖
* គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងពិនិត្យឱ្យអស់លទ្ធភាព ក្នុងការរៀបចំឥណទានឡើងវិញ តាមការស្នើសុំរបស់អតិថិជន ដែលមានលក្ខណៈគ្រប់គ្រាន់ឱ្យបានទូលំទូលាយ ដើម្បីជួយសម្រាលបន្ទុកអតិថិជន ដែលមាន បំណងស្នើសុំឥណទានរៀបចំឡើងវិញ
* គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងធ្វើការរៀបចំឥណទានឡើងវិញ ដោយឈរលើកគោលការណ៍បន្ធូរបន្ថយប្រាក់ពិន័យ ការលុបចោលប្រាក់ពិន័យ មិនយកកម្រៃសេវាផ្សេងៗ មិនបញ្ចូលការប្រាក់យឺតយ៉ាវដែលអតិថិជនមិនទាន់បានសងទៅជាប្រាក់ដើម ប៉ុន្តែអតិថិជននៅមានកាតព្វកិច្ចសងការប្រាក់ទៅតាមវិធានការនៃការរៀបចំឥណទានឡើងវិញ ។
* ក្នុងករណីដែលអតិថិជនបង់យឺតយ៉ាវ ឬចង់ផ្តាច់ឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុ នឹងលុបចោលប្រាក់ពិន័យ ដោយឡែកចំពោះការប្រាក់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ អាចពិចារណាលើកលែងមួយផ្នែកឬទាំងស្រុង ទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រឹះស្ថាន ឬគោលការណ៍របស់គ្រឹះស្ថាននីមួយៗ ហើយធនាគារ ក៏បានឯកភាពគ្នា ក្នុងការជួយផ្សព្វផ្សាយ និងពន្យល់អតិថិជនឱ្យបានច្បាស់ថា ព័ត៌មានរបស់អតិថិជនស្តីពីការធ្លាប់រៀបចំឥណទានឡើងវិញ ក្នុងប្រព័ន្ធការិយាល័យឥណទាន គឺជាព័ត៌មានដែលបង្ហាញអំពីប្រវត្តិរបស់អតិថិជន ដែលមិនមែនជាលក្ខខណ្ឌស្វ័យប្រយ័ត្នក្នុងការបដិសេធ ឥណទានថ្មីរបស់អតិថិជននោះទេ។
ក្នុងន័យនេះ សម្តេចធិបតី បានស្នើឱ្យធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំនីតិវិធីនេះ ឱ្យបានលឿន ដើម្បីសម្រួលដល់អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចរៀបចំឥណទានឡើងវិញឱ្យបានទាន់ពេលវេលា ៕