ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន បើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន លើការនាំចូលផលិតផលទឹកដោះគោ សហភាពអឺរ៉ុប

86


ប៉េកាំង៖ប្រទេសចិនបានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន លើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុបកាលពីថ្ងៃពុធ ដោយបង្កើនភាពតានតឹងជាមួយប្លុកនេះ បន្ទាប់ពីទីក្រុងព្រុចសែលបានចេញផ្សាយ សេចក្តីព្រាងច្បាប់ដែលបានកែប្រែជាថ្មីទាក់នឹងការដំឡើងពន្ធ លើរថយន្តអគ្គិសនីផលិតដោយប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារបានកែប្រែពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន មកនៅត្រឹម ៣៦,៣ភាគរយពីពន្ធដែលបានគ្រោងទុកដំបូង ៣៧,៦ភាគរយ ប៉ុន្តែមិនបានបោះបង់ពន្ធនេះ ចោលដូចដែលទីក្រុងប៉េកាំង បានអំពាវនាវឱ្យទីក្រុងប្រ៊ុចសែល បោះបង់ចោលនោះទេ។
ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន លើផលិតផលទឹកដោះគោ ដែលប្រកាសដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន កាលពីថ្ងៃពុធនឹងផ្តោតលើប្រភេទឈីសផ្សេងៗ ទឹកដោះគោ និងក្រែមសម្រាប់ការប្រើប្រាស់របស់មនុស្ស។ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ការស៊ើអង្កេតនេះត្រូវបានជំរុញដោយពាក្យបណ្តឹង របស់សមាគមទឹកដោះគោចិន និងសមាគមឧស្សាហកម្មទឹកដោះគោចិន ដែលបានប្តឹងកាលពីថ្ងៃទី២៩ ខែកក្កដា ក្នុងនាមឱ្យឧស្សាហកម្មទឹកដោះគោក្នុងស្រុក។
បើយោងតាមរ៉យទ័រ ប្រទេសចិននឹងពិនិត្យមើលគម្រោងឧបត្ថម្ភធនចំនួន២០ សម្រាប់ផលិតផលទឹកដោះគោល ដែលនាំចូលមកពីទូទាំងប្លុកដែលមានសមាជិក២៧ ប្រទេសនេះ ជាពិសេសមកពីប្រទេសអូទ្រីស បែលហ្ស៊ិក ក្រូអាស៊ី សាធារណរដ្ឋឆេក ហ្វាំងឡង់ អ៊ីតាលី អៀរឡង់ និងរ៉ូម៉ានី។
ក្នុងចំណោមប្រទេសដែលមានក្នុងបញ្ជី អៀរឡង់គឺជាប្រទេសដែលនាំចេញផលិតផលទឹកដោះគោធំបំផុតទៅប្រទេសចិន ដែលមានតម្លៃ ៤៦១លានដុល្លារទៅប្រទេសចិនកាលពីឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង