លោកស្រី Kamala Harris ទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ ជាផ្លូវការ
សហរដ្ឋអាមេរិក៖អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា (ម៉ោងនៅសហរដ្ឋអាមេរិក) បានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យជាផ្លូវការ ជាមួយការសន្យាថានឹងធ្វើជាប្រធានាធិបតីរបស់ប្រជាជនអាមេរិកទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងនៅក្នុងសុន្ទរកថាមួយនាថ្ងៃចុងក្រោយនៃសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យរយៈពេល៤ថ្ងៃ លោកស្រី ហារីស បានកត់សម្គាល់ដូច្នេះថា «តាំងនាមឱ្យប្រជាជនអាមេរិក ទាំងអស់មិនថាមកពីគណបក្ស ពូជសាសន៍ ឬភេទណានោះទេ…ខ្ញុំយល់ព្រមទទួលយកការតែងតាំងរបស់អ្នក (ជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ)»។ លោកស្រី បន្ថែមថា «ខ្ញុំសន្យាថានឹងធ្វើជាប្រធានាធិបតីម្នាក់របស់ប្រជាជនអាមេរិកទាំងអស់ ហើយអ្នកទាំងអស់គ្នាអាចជឿជាក់លើខ្ញុំថានឹងតម្កល់ប្រយោជន៍ប្រទេសជាតិ មុនប្រយោជន៍បក្ស និងខ្លួនឯង»។
លើសពីនេះទៅទៀត ក្នុងសុន្ទរកថានោះដែរ លោកស្រី ហារីស ក៏បានបង្ហាញឆន្ទៈបន្តគាំទ្រអ៊ុយក្រែនផងដែរ។ តែបានឆ្លៀតវាយប្រហារលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតី អាមេរិកមកពីគណបក្សសាធារណរដ្ឋ ដោយហៅលោក ត្រាំ ជាមនុស្សគ្មានភាពប្រាកដនិយម និងជំរុញឱ្យប្រជាជនអាមេរិកពិចារណាឱ្យបានច្បាស់ពីផលវិបាកធ្ងន់ធ្ងរ នៃការវិលត្រឡប់មកអង្គុយកៅអីសេតវិមានសាជាថ្មីរបស់លោក ត្រាំ។
គួរបញ្ជាក់ថា លោកស្រី កាម៉ាឡា ហារីស បានក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោក ចូ បៃដិន ប្រកាសដកខ្លួនចេញពីការប្រជែងយក តំណែងប្រធានាធិបតីសាឡើងវិញក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ប្រសិនបើជាប់ឆ្នោតពិតមែន លោកស្រី ហារីស នឹងក្លាយជាប្រធានាធិបតីជាស្ត្រីដំបូងបំផុតនៅក្នុង ប្រវត្តិសាស្ត្រអាមេរិក។ កាលពីថ្ងៃពុធ លោក Tim Walz ក៏បានទទួលយកការតែងតាំងជាបេក្ខជនអនុប្រធានាធិបតីរបស់លោកស្រី ហារីសផងដែរ ដើម្បីប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ និងដៃគូរបស់លោក គឺលោក JD Vance ដែលជាបេក្ខជនអនុប្រធានាធិបតីខាងបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ៕