ឯកឧត្តមឃួង ស្រេង ៖ឱ្យក្រុមការងារបាញ់ថ្នាំសម្លាប់មូសខ្លាជាបន្ទាន់នៅទីតាំងសំខាន់ៗតាមប្រឡាយបន្ថែមទៀតដោយ ប្រើប្រាស់រថយន្តដឹកម៉ាស៉ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលា ការពារសុខុមាភាពជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ក្រោមការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចាត់ចែងក្រុមការងារចុះបាញ់ថ្នាំសម្លាប់មូសជាបន្ទាន់ ពោលគឺបាញ់នៅល្ងាចនិងព្រលប់ថ្ងៃទី ២៣ ខែសីហា នេះតែម្តង ដោយប្រើប្រាស់ប្រភេទរថយន្តដឹកម៉ាស៉ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលា ការពារសុខុមាភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំអោយប្រធានមន្ទីរសុខាភិបាល ចាត់ចែងក្រុមការងារ បាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើង ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់អគ្គីសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៉ីលីដា តំបន់ឡានទឹកនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និង ប្រឡាយអូអាកុជ ស្ថិត នៅខណ្ឌសែនសុខជាដើម។
លោកងី មានហេង បានបញ្ជាក់ឱ្យដឹងផងដែរថា
៖យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្ដើមដំណើរការ កាលពីថ្ងៃទី១៧ សីហា ដោយគ្រោងនឹងបញ្ចប់នៅទូទាំងទាំង១០៥សង្កាត់ នាថ្ងៃទី ២៦ ឬថ្ងៃទី ២៧ខែសីហាខាងមុខនេះ។
លោកបញ្ជាក់ទៀតថា មកដល់ថ្ងៃទី ២៣ខែសីហាឆ្នាំ ២០២៤នេះ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានេះ បានបាញ់រួចរាល់ នៅខណ្ឌចំនួន៨ហើយ ដោយក្រុមការងារនឹងបន្តបាញ់ចំនួន៦ខណ្ឌទៀត ឱ្យបានចប់រួចរាល់តាមផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ថា តាមរយៈយុទ្ធនាការ បាញ់ថ្នាំមូសសម្លាប់មូសខ្លានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេលប៉ុន្មានថ្ងៃមកនេះ ទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងនពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះពិតជាបានបង្ហាញអោយឃើញពីការគិតគូរពីសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញក្នុងការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម៕