ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង៖សម្តេចធិបតី ហ៊ុន ម៉ាណែតលើកទឹកចិត្តផ្ដល់អំណោយដល់កងកម្លាំងកងពលតូចលេខ៧០ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងរាជធានីភ្នំពេញ

35


ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ សីហាឆ្នាំ២០២៤នេះបានជួបសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) ចំនួន ៤៣នាក់ ជាមួយនិងការផ្តល់អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើកទឹកចិត្តក្រោយពីពួកគាត់យកអស់កម្លាំងកាយចិត្ត ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ហើយចំពោះកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ដែលចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំនួន ៤៣នាក់ ក្នុងម្នាក់ៗទទួលបាន៖ ថវិកា ២០០.០០០រៀល អង្គរ ២៥ គីឡូក្រាម មី០១ កេសតូចនិងទឹកសុទ្ធ ០១ កេស។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ អនុវត្តតាមការណែនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច (ង៧០) បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ។ តាមរយៈយុទ្ធនាការ បាញ់ថ្នាំមូសសម្លាប់មូស នារយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បងប្អូនប្រជាពលរដ្ឋពិតជាអរគុណយ៉ាងខ្លាំងចំពោះសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ។ សំរាប់រដ្ឋបាលរាជធានីភ្នំពេញ ក៏ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៏ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា ដែលបានធ្វើអោយប្រទេសកម្ពុជាមានសុខ សន្តិភាពមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឈនទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីក្នុងឱកាសនោះក៏បានអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុមការងារកងពលតូច ង៧០ ដែលបានសហកាេជាមួយ ក្រុមការងាររដ្ឋបាល ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិ សង្កាត់ ទាំង១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៍ ដែលបានចាប់ផ្ដើមកាលពីថ្ងៃ ទី១៧ ខែសីហា និងបានបញ្ចប់រួចរាល់ទាំងស្រុង កាលពីថ្ងៃទី២៦ខែសីហា២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង