ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរៀបចំដែនដី ចេញសេចក្ដីប្រកាសទាក់ទងនឹងការស្នើសុំអន្តរាគមន៍របស់ឈ្មោះ អែម សុភ័ណ្ឌ, វ៉ែន ហួត និង ឈៀ ឆា លើដីធ្លីប្រមាណ៦លានម៉ែត្រការ៉េ នៅខេត្តកោះកុង

32

ភ្នំពេញ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលសំណើតាមរយៈលិខិតស្នើសុំអន្តរាគមន៍ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ របស់ឈ្មោះ អែម សុភ័ណ្ឌ, ឈ្មោះ វ៉ែន ហួត និងឈ្មោះ ឈៀ ឆា ស្នើសុំជួយដោះស្រាយនិងកាត់ឆ្កៀលដី ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីទំហំ ៦,០១០,៨០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិភូមាស ឃុំភូមាស ស្រុកគីរីសាគរ ខេត្តកោះកុង។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សូមជម្រាបជូនថា តាមការពិនិត្យករណីសំណើខាងលើ ក្រុមការងាររកឃើញថា៖
ទី១៖ ទីតាំងដីស្នើសុំជាដីរដ្ឋ ស្ថិតនៅក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Union Development និងបានចុះបញ្ជីជូនក្រសួងបរិស្ថានរួចរាល់ ហើយរាជរដ្ឋាភិបាលបានសម្រេចដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគនេះរួចរាល់ហើយ តាមរយៈលិខិតលេខ២៣២ សជណ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ទី២៖ ចំពោះបញ្ជីឈ្មោះភ្ជាប់មកជាមួយលិខិតស្នើសុំ ដែលបានអះអាងថាជាស្នាមមេដៃរបស់ប្រជាពលរដ្ឋ ចំនួន ១១៧គ្រួសារ (មានបញ្ជាក់ពីមេភូមិកៀនក្រឡាញ់ ឈ្មោះ ញ៉ក់ រ៉េត មេភូមិតានី ឈ្មោះ ទ្រី ភួន និងមេភូមិភូមាស ឈ្មោះ ជា ម៉ុន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤) មានតែឈ្មោះ វ៉ែន ហួត និងឈ្មោះ សម អ៊ុច ដែលត្រូវទទួលការដោះស្រាយគោលនយោបាយ
ទី៣៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតលេខ៣១២៦ ដនស/អ.ជ.ដ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីជម្រាបជូនប្រជាពលរដ្ឋដែលពុំទាន់ ទទួលបានការដោះស្រាយគោលនយោបាយ ឱ្យមកទទួលយកគោលនយោបាយជាមួយក្រុមការងារ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឬនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភូមិបាលស្រុកគិរីសាគរ
ទី៤៖ លោក ឡុញ សុផល ជាមេឃុំភ្ញីមាសបានបញ្ជាក់ថា ឈ្មោះ ជា ម៉ុន, ឈ្មោះ ញ៉ក់ រ៉េត និងឈ្មោះ ទ្រី ភួន ដែលបានបញ្ជាក់លើឯកសារភ្ជាប់នៃសំណើសុំ បានបញ្ចប់តួនាទីជាមេភូមិកៀនក្រឡាញ់ មេភូមិ តានី និងមេភូមិភ្ញីមាស តាំងពីឆ្នាំ២០១០ និងឆ្នាំ២០១២មកម៉្លេះ ហើយពួកគាត់ក៏បានបដិសេធពុំបានចុះហត្ថលេខាលើឯកសារភ្ជាប់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង