ឯកឧត្ដមជិន ម៉ាលីន៖៥៨ថ្ងៃសំណុំរឿងចំនួន១០ត្រូវបានពិនិត្យ និងសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យ, សំណុំរឿងចំនួន ៣ ត្រូវបានលើកចោល ,លើពាក្យបណ្តឹងពលរដ្ឋ១៩៨ករណី
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាប្រចាំការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៎បានបញ្ជាក់ថាក្នុងរយះពេល៥៨ថ្ងៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅ
អ.ដ.ក. បានចាប់ផ្តើមធ្វើការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ហើយគិតមកត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ អ.ដ.ក. បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ១៩៨ ករណី (សំណុំរឿង) ប៉ុន្តែ ការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ទើបតែបានចាប់ផ្តើមនាថ្ងៃទី១ ខែកក្កដា នេះ បន្ទាប់ពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទបាននីតិសម្បទាស្របតាមច្បាប់។
ឯកឧត្ដមបន្តថា៖ក្នុងរយៈពេល ៥៨ ថ្ងៃនេះ (ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤) អ.ដ.ក. បានធ្វើការពិនិត្យ និងដោះស្រាយនូវសំណុំរឿងដែលបានទទួល ដោយក្នុងនោះ បានចេញលិខិតកោះអញ្ជើញគូភាគី ចំនួន ១៣៩ លិខិត និងចុះទៅសិក្សាស្រាវជ្រាវលើទីតាំងវិវាទដោយផ្ទាល់ចំនួន ៤ ករណី។
ឯកឧត្ដម បញ្ជាក់ទៀតថា៖ជាលទ្ធផល សំណុំរឿងចំនួន ១០ ត្រូវបានពិនិត្យ និងសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យ, សំណុំរឿងចំនួន ៣ ត្រូវបានលើកចោល ដោយសារខុសសមត្ថកិច្ច, សំណុំរឿងចំនួន ៤ ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល រីឯសំណុំរឿងផ្សេងទៀតកំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក៕