ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សភឿថៃរបស់នាយករដ្ឋមន្ត្រីថៃថ្មី នឹងជម្រុះគណបក្សមួយគាំទ្រដោយយោធា ចេញពីរដ្ឋាភិបាលចម្រុះ

90

បាងកក៖គណបក្ស Pheu Thai នឹងដកគណបក្ស Palang Pracharat គាំទ្រដោយយោធាថៃ ចេញពីក្រុមចម្រុះរបស់ខ្លួន នៅពេលបង្កើតរដ្ឋាភិបាលថ្មី ជាសញ្ញាមួយបង្ហាញពី ភាពប្រេះឆា នៅក្នុងក្រុមចម្រុះរវាងគណបក្សដែលធ្លាប់ជាគូប្រជែងដ៏ខ្លាំងនឹងគ្នាទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្រេចចិត្តបែបនេះកើតមានឡើង បន្ទាប់ពីក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្ស Pheu Thai បានបញ្ចេញប្រតិកម្មខឹងសម្បារទៅនឹងមេដឹកនាំគណបក្ស Palang Pracharat គឺលោក Prawit Wongsuwon ដែលជាឧត្តមសេនីយ៍ម្នាក់ធ្លាប់ចូលរួមក្នុងរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដឹកនាំដោយគណបក្ស Pheu Thai បានបរាជ័យក្នុងការបង្ហាញការគាំទ្រនៅឯ ការបោះឆ្នោតរបស់រដ្ឋសភាថៃ ដើម្បីជ្រើសរើសតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
ថ្លែងប្រាប់ Reuters កាលពីថ្ងៃអង្គារ ទី២៧ ខែសីហា លោក Sorawong Thienthong ជាអគ្គលេខាធិការរបស់គណបក្ស Pheu Thai បានគូសបញ្ជាក់ដូច្នេះថា «គណបក្ស Palang Pracharat នឹងមិនចូលរួមក្នុងការបង្កើតរដ្ឋាភិបាលនោះទេ»។ ការសម្រេចចិត្តរបស់គណបក្ស Pheu Thai នឹងធ្វើឱ្យក្រុមចម្រុះទាំង១១គណបក្ស បាត់បង់អាសនៈខ្លះនៅក្នុងសភាជាទី ដែលគណបក្ស Palang Pracharat មានអាសនៈនៅក្នុងដៃចំនួន៤០។ ប៉ុន្តែ លោក Sorawong ជឿជាក់ថាក្រុមចម្រុះរបស់ Pheu Thai នឹងនៅតែអាចរក្សាបាននូវអាសនៈលើស ៣០០អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសសរុប ៥០០។
យ៉ាងណាក៏ដោយ ជាប្រតិកម្មតបត អ្នកនាំពាក្យគណបក្ស Palang Pracharat បាននិយាយថាគណបក្ស Pheu Thai មិនបានជូនដំណឹងជាមុនអំពីការសម្រេចចិត្តខាងលើនោះទេ ដែលនេះជាទង្វើបំពានលើកិច្ចព្រមព្រៀងរវាងគណបក្សទាំង២។ «គ្រប់តំណាងរាស្ត្ររបស់គណបក្ស Palang Pracharat លើកលែងតែមេដឹកនាំរបស់យើង (Prawit) បានបោះឆ្នោត ជ្រើសតាំងនាយករដ្ឋមន្ត្រី…ហើយនេះការធ្វើតាមពាក្យសន្យារបស់ពួកគេ»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យគណបក្ស Palang Pracharat ឈ្មោះ Piya Tavichai។
គួរបញ្ជាក់ថា អ្នកស្រី Paetongtarn ដែលជានាយករដ្ឋមន្ត្រីជំនាន់ទី៣ នៃត្រកូល Shinawatra កំពុងស្ថិតនៅក្នុងនីតិវិធីបង្កើតរដ្ឋាភិបាលថ្មី និងត្រូវបានគេរំពឹងថានឹងបញ្ចេញ សមាសភាពគណៈរដ្ឋមន្ត្រី និងគោលនយោបាយរបស់រដ្ឋាភិបាលរបស់អ្នកស្រី នៅពាក់កណ្ដាលខែកញ្ញាខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង