លោកអភិបាលខណ្ឌចេង មុនីរ៉ា បានណែនាំមន្ត្រីរាជការនិងសមត្ថកិច្ចឱ្យយកចិត្តទុកដាក់ការពារសន្តិសុខជាកត្តាសំខាន់ណាស់ រួចបន្តបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ
ភ្នំពេញ ៖ ក្នុងគោលដៅពង្រឹងគុណភាពការងាររដ្ឋបាលទូទៅអោយបានប្រសើឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង៨ ។
នៅក្នុងកិច្ចប្រជុំនោះលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅបានដាក់ចេញនូវវិធានការ ដែលត្រូវអនុវត្តបន្ត រួមមាន ៖ ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូន ចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយទទួលបានលទ្ធផលល្អ ជាពិសេសរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។ ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។ ចំណុចមួយទៀត ពេលសិស្សចេញពីរៀន អាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងកម្លាំងសម្រួលចរាចរ នៅតាមសាលារៀនទាំងអស់ ដើម្បីកុំអោយកកស្ទះ ក៏ដូចជា សុខសុវត្ថិភាពសិស្ស និងអ្នកដំណើរលើដងផ្លូវ ។
លោកអភិបាលបានបន្តថា សូមយកចិត្តទុកដាក់ក្នុងការបំរើ សេវាជូនប្រជាពលរដ្ឋ រួមមានសេវាតម្រូវការ សេវាសំណូមពរ សេវាចាំបាច់ ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព និងត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងបុរី សំណង់ផ្ទះល្វែង និងនៅតាមបន្ទប់ជួល ឬផ្ទះជួល អោយបានហ្មត់ចត់បំផុត ។ ត្រូវរៀបចំសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវជាតិលេខ១ ចំណុចជិតគល់ស្ពានព្រះមុនីវង្ស ទៅដល់វត្តនិរោធ និងផ្សារព្រែកឯង ។ សកម្មភាពបែបនេះ ធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋាន ។
លោកអភិបាលខណ្ឌ ក៏បានកោតសសើរដល់កងកម្លាំងទាំងអស់ របស់គណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ បានសហការគ្នាល្អ ក្នុងការការពារសន្តិសុខ សណ្តាប់ សាធារណៈបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីសុខ ជូនប្រជាពលរដ្ឋ ជាពិសេសគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ចាប់ពីពេលនេះតទៅ ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ ៕