ចាប់ផ្សឹកលោកសង្ឃមួយអង្គ គង់នៅវត្តទួលស្រែ និងបក្ខពួក២នាក់ បន្ទាប់ពីរកឃើញថ្នាំញៀនក្នុងថង់យាម
កំពង់ចាម៖ ព្រះសង្ឃ១អង្គ និងបក្ខពួក២នាក់ ដែលជាពាក់ព័ន្ធប្រើប្រាស់ និងលាក់ទុកសារធាតុញៀនក្នុងថង់យាម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់ខ្លួន ក្នុងពេលបើកយុទ្ធនាការសហការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយករណី កាលពីវេលាម៉ោង៤ និង៥០នាទីល្ងាច ថ្ងៃទី២០ វិច្ឆិកានេះនៅចំណុចតំបន់វត្តទួលស្រែ ស្ថិតក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាមរ។ បន្ទាប់ពីសមត្ថកិច្ចឆែកឆេរក្នុងថង់យាម រកឃើញថ្នាំញៀនចំនួន៤កញ្ចប់ សង្ឃ១អង្គនោះ ត្រូវបាន សមត្ថកិច្ចសហការជាមួយមន្ទីរធម្មការខេត្ត អនុវត្តតាមវិន័យព្រះពុទ្ធសាសនាចាប់ផ្សឹកជាក់ស្តែងតែម្តង។
ជនសង្ស័យ៣នាក់នោះ ១.ឈ្មោះ យ៉េន គីមហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ជាសង្ឃ គង់នៅវត្តទួលស្រែ ភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ដែលស្ថិតនៅក្នុងចំណោមក្រុមស្ទាវសេពគ្រឿងញៀននោះដែរ។ ២.ឈ្មោះ អ៊ាន មឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ និង ៣.ឈ្មោះ សុង វិផា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សមត្ថកិច្ច រឹបអូសបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន៤កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ០២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន។ ជនសង្ស័យ ទាំង៣នាក់ និងថ្នាំញៀន សមត្ថកិច្ចកំពុងបន្តនីតិវិធី៕