ប្រធានគណៈកម្មាការអឺរ៉ុប អំពាវនាវឱ្យសហភាពអឺរ៉ុបបង្កើនការផលិតសព្វាវុធ ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងវិស័យការពារជាតិ
ព្រុចស៊ែល៖ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានអំពាវនាវឱ្យសហភាពអឺរ៉ុបពង្រឹងសមត្ថភាពផលិតសព្វាវុធ និងដើរតួនាទីយ៉ាងសកម្មក្នុងវិស័យការពារជាតិ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកភូមិសាស្ត្រនយោបាយកាន់តែកើនឡើង ជាពិសេសសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ការអំពាវនាវបែបនេះ បានធ្វើឡើងនៅឯវេទិកា GLOBESEC ដែលជាសន្និសិទសន្តិសុខនៅទីក្រុង Prague ដោយលោកស្រីបានសង្កត់ធ្ងន់ថា ទោះបីជាអង្គការ NATO នៅតែមានតួនាទីស្នូលសម្រាប់វិស័យការពារជាតិរួមក៏ដោយ ក៏អឺរ៉ុបត្រូវតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
ទន្ទឹមគ្នានេះ លោកស្រី von der Leyen បានព្រមានថា ពាក់កណ្តាលទីពីរនៃទសវត្សរ៍នេះនឹងប្រឈមនឹងហានិភ័យខ្ពស់ ដូច្នេះអឺរ៉ុបត្រូវតែផ្តោតការយកចិត្តទុកដាក់ឡើងវិញលើសន្តិសុខ និងពង្រឹងសហភាពអឺរ៉ុបជាគម្រោងសន្តិសុខខាងក្នុង។
គួរបញ្ជាក់ថា ការអំពាវនាវរបស់ប្រធានគណៈកម្មការអឺរ៉ុបនេះ ទំនងជានឹងជំរុញឱ្យមានការពិភាក្សាបន្ថែមទៀតអំពីតួនាទីរបស់សហភាពអឺរ៉ុបក្នុងវិស័យការពារជាតិ និងអំពីរបៀបដែលសហភាពអឺរ៉ុបអាចពង្រឹងសមត្ថភាពការពារខ្លួនឯង ដើម្បីប្រឈមនឹងបញ្ហាសន្តិសុខនាពេលអនាគត៕