ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់តាំងក្រុមជំនួយការនាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភជូនដល់គ្រួសារសពអនុសេនីយ៍ត្រី សៅ រក្សា ដែលបានពលីជីវិតក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសហិង្សា

55


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់តាំងក្រុមជំនួយការនាំយកសារលិខិតចូលរួមរំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភជូនដល់គ្រួសារសព អនុសេនីយ៍ត្រី សៅ រក្សា ដែលបានពលីជីវិតក្នុងពេលបំពេញប្រតិបត្តិការបង្រ្កាបបទល្មើសហិង្សា កាលពីថ្ងៃទី២៩ ខែសីហា ម្សិលមិញ។
សូមជម្រាបថា នាព្រឹកថ្ងៃទី៣០នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ បន្ទាប់ពីបានទទួលដំណឹងអំពីមរណភាពរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដែលបានពលីជីវិតក្នុងពេលបំពេញប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សានៅថៃ្ងទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០នាទីល្ងាច។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិទាំងអស់ និងសូមសម្ដែងសេចក្តីសង្វេគ ព្រោះការបាត់បង់ លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការបាត់បង់កូនប្រុសដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូកតវេទិតាធម៌ចំពោះជីដូនជីតា លោកឪពុក អ្នកម្តាយ មីងមាបងប្អូនជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់មន្ត្រីនគរបាលដ៏អង់អាចក្លាហាន ដែលបានលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង