ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនអតីតអភិបាលក្រុងតៃប៉ិ ក្រោមការស៉ើបអង្កេតករណីពុករលួយ

84

តៃប៉ិ៖អតីតអភិបាលក្រុងតៃប៉ិ ដែលត្រូវបានគេស្គាល់ថាមេដឹកនាំគណបក្សប្រឆាំងតូចមួយនៅតៃវ៉ាន់ ត្រូវបានចាប់ខ្លួននៅថ្ងៃសៅរ៍ ទី៣១ ខែសីហានេះ ជាផ្នែកមួយនៃការស៉ើបអង្កេតអំពើពុករលួយ ជុំវិញការអភិវឌ្ឍសំណង់អចលនទ្រព្យដ៏ធំមួយ នៅក្នុងទីក្រុងតៃប៉ិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Ko Wen-je កាន់តួនាទីជាអភិបាលក្រុងតៃប៉ិ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២។ បើតាមគណបក្ស TPP របស់លោក លោក Ko ត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមស៉ើបអង្កេតឆ្មក់ចូលផ្ទះរបស់លោក កាលពីថ្ងៃសុក្រ ហើយធ្វើការសាកសួររូបលោកអស់រយៈពេលជាច្រើនម៉ោង។ លោក Ko បានបដិសេធ្វើខុសក្នុងសំណុំរឿងដែលពាក់ព័ន្ធ នឹងការអនុម័តគម្រោងអចលនទ្រព្យមួយ នៅពេលលោកធ្វើជាអភិបាលក្រុង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ TPP បានអំពាវនាវដល់តុលាការ ឱ្យពិនិត្យមើលដោយប្រុងប្រយ័ត្ននូវភាពស្របច្បាប់នៃនីតិវិធីចាប់ខ្លួន លោក Ko សម្រាប់អំឡុងពេលដំណើរការសវនាការកាត់ក្តី ហើយផ្តល់យុត្តិធម៌ដល់លោក Ko។
គួរបញ្ជាក់ថា លោក Ko និងគណបក្ស TPP ទើបនឹងបានទទួលស្គាល់ថា មានការរាយការណ៍ខុស ជុំវិញមូលនិធិសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមេដឹកនាំតៃវ៉ាន់ កាលពីពេលថ្មីៗនេះ។ បន្ទាប់មក លោក Ko បានប្រកាសលាលែងពីតំណែងជាប្រធានបក្ស ជាបណ្ដោះអាសន្នសិន និងសុំទោសអ្នកគាំទ្រ ខណៈដែលករណីនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ គេរំពឹងថា លោក Ko នឹងស្វែងរកការប្រកួតប្រជែងតំណែងមេដឹកនាំតៃវ៉ាន់ សម្រាប់ការបោះឆ្នោតបន្ទាប់នៅឆ្នាំ ២០២៨។ ប៉ុន្តែការស្ទង់មតិបង្ហាញថា រឿងអាស្រូវបាននាំឱ្យការគាំទ្រសម្រាប់រូបលោក និងបក្ស TPP ធ្លាក់ចុះ៕

អត្ថបទដែលជាប់ទាក់ទង