រដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែន ៖ ការបោះបង្គោលព្រំដែនមិនអាចយកផែនទី Google Maps ធ្វើជាមូលដ្ឋានឡើយ, ច្បាប់កំណត់ឲ្យប្រើផែនទីបោនខ្នាត១/១០០០០០ ដែលបន្សល់ទុកពីអាណានិគមបារាំង
ភ្នំពេញ៖តាមរយៈកិច្ចសម្ភាសពិសេសមួយ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមឡាំ ជា រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញមកអះអាងថា ការងារបោះបង្គោលព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាង រួមមាន វៀតណាម ឡាវ និងថៃ មិនអាចប្រើប្រាស់ផែនទី Google Maps ដើម្បីធ្វើជាមូលដ្ឋានបាននោះឡើយ ទោះបីកម្ពុជាចង់ប្រើប្រាស់ ក៏ភាគីផ្សេងមិនព្រមនោះដែរ។
លោករដ្ឋមន្ដ្រី បានលើកឡើងថា ការងារបោះបង្គោលព្រំដែននេះ កម្ពុជា និងប្រទេសជិតខាង បានឯកភាពគ្នាដោយប្រើប្រាស់ផែនទីបោនខ្នាត ១/១០០០០០ ដែលជាមរតកបន្សល់ទុកដោយអាណានិគមនិយមបារាំង ឬក្រុមភូមិសាស្ដ្រឥណ្ឌូចិន។ លោកថា ច្បាប់អន្ដរជាតិ មិនអនុញ្ញាតឲ្យប្រើប្រាស់ផែនទីមូលដ្ឋានរបស់ Google Maps ជាដាច់ខាត។
ឯកឧត្ដមបានថ្លែងយ៉ាងដូច្នេះថា «មិនអាចយកផែនទីណាមួយក្រៅពីផែនទី ដែលជាមូលដ្ឋាន គឺផែនទីបោនខ្នាត១/១០០០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្ដ្រឥណ្ឌូចិនបន្សល់ទុក។ ការងារបោះបង្គោលព្រំដែន យើងមិនអាចយកផែនទី Google Maps ធ្វើជាមូលដ្ឋានបោះបង្គោលទេ។ ទោះឧបមារថា ភាគីម្ខាងចង់យក ក៏ភាគីម្ខាងទៀតមិនទទួលស្គាល់ដែរ គឺជាគោលការណ៍ច្បាប់អន្ដរជាតិ ដាច់ខាតត្រូវតែយកផែនមូលដ្ឋានដែលបន្សល់ទុកពីអាណានិគមបារាំងក្រុមភូមិសាស្ដ្រឥណ្ឌូចិនជាផែនទីគោល»។
ឯកឧត្ដមរដ្ឋមន្ដ្រី បានកត់សម្គាល់ថា កន្លងទៅថ្មីៗនេះ មានគណនី Tiktok បានបង្ហោះវីដេអូពន្យល់បែបមិនត្រឹមត្រូវ ដោយចោទប្រកាន់ថា បង្គោលព្រំដែនវៀតណាម បោះចូលមកក្នុងទឹកដីកម្ពុជារាប់គីឡូម៉ែត្រ ដោយយកផែនទី Google Maps យកមកប្រើប្រាស់។ ចំពោះករណីនេះ ឯកឧត្ដមបានច្រានចោលទាំងស្រុង ព្រោះមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់នោះឡើយ។
លោកបានពន្យល់ដែរថា ដើម្បីបញ្ចប់មន្ទិលសង្ស័យលើផែនទី Google Maps ជាមួយផែនទីមូលដ្ឋានបោនខ្នាត ១/១០០០០០ ឯកឧត្ដមបានណែនាំឲ្យក្រុមការងារបច្ចេកទេស ធ្វើការបញ្ជាក់ជាមួយគ្នា និងរកឃើញថា ផែនទីដែលបង្ហោះដោយក្រុមហ៊ុន Google Maps មិនត្រូវគ្នាជាមួយផែនទីដែលច្បាប់អន្ដរជាតិកំណត់ឲ្យប្រើប្រាស់ឡើយ។
បើតាមការអះអាងរបស់ឯកឧត្ដមរដ្ឋមន្ដ្រី ឡាំ ជា, ក្នុងការងារកំណត់ព្រំដែននេះ ធ្វើឡើងដោយផ្អែកទៅលើគោលការណ៍ធំ៣ រួមមាន៖
-ទី១៖ ផ្អែកទៅលើផែនទីដែលបន្សល់ទុកពីជំនាន់អាណានិគមនិយមបារាំង ដែលជាផែនទីគោលក្នុងការយកធ្វើជាមូលដ្ឋាន ហើយត្រូវបានកំណត់ថា ជាមរតកខ្សែព្រំដែនមិនកែប្រែ
* ទី២៖ ផ្អែកទៅលើគោលការណ៍ច្បាប់អន្ដរជាតិ និងឧត្តមមានុវត្តអន្ដរជាតិ
-ទី៣៖ ផ្អែកទៅលើការកាន់កាប់រស់នៅជាច្រើនជំនាន់របស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ការចេញពន្យល់បកស្រាយភ្លាមៗ របស់រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ធ្វើឡើងបន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុងបំភ្លៃខុសការពិតទាំងស្រុង ពាក់ព័ន្ធព័ត៌មានផែនទីនៃប្រទេសកម្ពុជា លើ Google Maps៕