ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ADB អនុម័តហិរញ្ញប្បទាន ៩៣.៦លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យនៅតំបន់ជនបទ

61

ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីក ការផ្គត់ ផ្គង់ ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាស ធាតុ និងប្រកប ដោយ បរិយាបន្ន នៅទីជនបទសម្រាប់  ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន៥០ ក្នុងប្រាំបួន ខេត្ត នៃប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាន។
កម្មវិធីអភិវឌ្ឍន៍វិស័យ ដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅ តំបន់ ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបាន ជាសកលនូវការផ្គត់ផ្គង់ទឹក និងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅ តំបន់ ជនបទ និងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកប ដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។
កម្មវិធីនេះ នឹងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមាន សុវត្ថិភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការ បន្ថែម គំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាសធាតុទៅក្នុង ការធ្វើផែនការ ការរចនា និង ការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និង ការធ្វើវិមជ្ឈការមុខងារ ដើម្បីធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា  «កម្មវិធី នេះគាំទ្រ WASH ដើម្បីទាំងអស់គ្នា ដោយផ្តល់អាទិភាពដល់ ប្រជាពលរដ្ឋរស់នៅ តំបន់ ដាច់ ស្រយាល។ វាមានបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារ WASH ដែល គ្រប់គ្រងដោយសហគមន៍ និង ពង្រីកវិសាលភាពការធ្វើផែនការ របស់រាជរដ្ឋាភិបាល ដើម្បី និរន្តរភាព និង ភាពធន់នឹងអាកាសធាតុ»។
កម្មវិធីនេះ រួមបញ្ចូលជំនួយឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិង ភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅ ក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទដែលប្រឈមមុខខ្លាំង នឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹក មានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។
កម្មវិធីនេះ នឹងផ្តោតសំខាន់លើការជួយដល់ ខេត្តបន្ទាយ មានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង ស្ទឹងត្រែង។
ជំនួយបច្ចេកទេសចំនួន ៦០០,០០០ ដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយ បរធនបាល ភាពជា ដៃគូ ផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Trust Fund) នៃមូលនិធិភាពជា ដៃគូ ផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Facility) នឹងគាំទ្រការពង្រឹង សមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ។
ក្នុងឆ្នាំ២០២២ លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព មាន ២៩% នៅទូទាំងប្រទេស និង ២0% ក្នុងតំបន់ជនបទ ខណៈដែលលទ្ធភាពទទួលបាន អនាម័យ មូលដ្ឋានដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ៣៧% នៅទូទាំងប្រទេស និង ៣៤% នៅ តំបន់ជនបទ។
ការបន្ទោរបង់ពាសវាលពាសកាល ត្រូវបានអនុវត្តដោយអ្នករស់នៅតាមតំបន់ជនបទ ប្រហែល ២ លាននាក់ ដែលសកម្មភាពនេះនាំឱ្យមានការបំពុលដី និងប្រភពទឹក និង រួមចំណែកបង្កជម្ងឺ ឆ្លងតាមរយៈទឹក។
ADB ជាដៃគូយូរអង្វែង ក្នុងការជួយដល់វិស័យផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យ របស់ ប្រទេស កម្ពុជា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០០៥ មក។ ប្រជាពលរដ្ឋជាង ១ លាននាក់ ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប បានទទួលអត្ថប្រយោជន៍ពីសេវា WASH ដែលគាំទ្រដោយ ADB រួចហើយ៕

អត្ថបទដែលជាប់ទាក់ទង