ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីជាច្រើននាក់លាលែងពីតំណែង, អ៊ុយក្រែនរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ចាប់ផ្ដើមនៅ

56


កៀវ៖រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងធ្វើការរុះរើទ្រង់ទ្រាយធំមួយ បន្ទាប់ពីរដ្ឋមន្ត្រី៦នាក់បានលាលែងពីតំណែង ខណៈជំនួយការម្នាក់ របស់លោក ហ្សេលេនស្គី ត្រូវបានបណ្ដេញចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងចំណោមអ្នកដែលបានលាលែងចេញពីតំណែង កាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញា រួមមានរដ្ឋមន្ត្រីសម្រាប់ឧស្សាហកម្មយុទ្ធសាស្ត្រ លោក Oleksandr Kamyshin ដែលទទួលបន្ទុក លើការផលិតអាវុធ ឧបនាយករដ្ឋមន្ត្រី លោកស្រី Olha Stefanishyna រដ្ឋមន្ត្រីយុត្តិធម៌ និងរដ្ឋមន្ត្រីបរិស្ថាន។ ការលាលែងនេះដែរ បានធ្វើឱ្យតំណែង១ភាគ៣ នៃគណរដ្ឋមន្ត្រីអ៊ុយក្រែននៅទំនេរ។ លោក ហ្សេលេនស្គី បាននិយាយថាគណបក្សនយោបាយរបស់លោក និងបក្សជាសម្ព័ន្ធមិត្តអាចបំពេញតំណែងទំនេរទាំងនេះ ឱ្យបានមុនរូបលោកត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងខែកញ្ញានេះ ជាទីដែលលោកត្រូវបានរំពឹងថានឹងធ្វើបទបង្ហាញពីផែនការជ័យជម្នះមួយរបស់អ៊ុយក្រែន ទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០១៩មក បានបង្ហើបឱ្យដឹងរួចហើយកាលពីសប្ដាហ៍ ពីផែនការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ហើយក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអង្គារ លោកបានបញ្ជាក់ឡើងវិញពីភាពចាំបាច់សម្រាប់ការផ្លាស់ប្ដូរ។ លោក ហ្សេលេនស្គី បានបញ្ជាការរុះរើគណៈរដ្ឋមន្ត្រីជាច្រើនលើក ចាប់តាំងពី សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយកាលពីខែកញ្ញា ឆ្នាំ២០២៣ លោកបានបណ្ដេញរដ្ឋមន្ត្រីការពារជាតិរបស់លោកចេញពីតំណែង ក្រោយលេចធ្លាយរឿងអាស្រូវពុករលួយ៕

អត្ថបទដែលជាប់ទាក់ទង