ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ទស្សនៈ និង អនុសាសន៍ ៩ចំណុច ដល់មេធាវីនៅកម្ពុជា ដើម្បីរួមចំណែកលើក កម្ពស់និតិរដ្ឋ ការពង្រឹងគោរពច្បាប់ និងយុត្តិធម៌សង្គម

50

ភ្នំពេញ៖នាឱកាសអញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី នៅព្រឹកថ្ងៃ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ទស្សនៈ និង អនុសាសន៍ ៩ចំណុច ដល់មេធាវីនៅកម្ពុជា ដើម្បីរួមចំណែកលើក កម្ពស់និតិរដ្ឋ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និង ការពង្រឹងគោរពច្បាប់ ខណៈបច្ចុប្បន្ននេះ មេធាវីដែលជាសមាជិករបស់គណៈមេធាវី មានជិត៣ពាន់នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យ៉ាងដូច្នេះថា ដើម្បីបន្តពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ សូមផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១. ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់លើគុណភាព និងសេវាមេធាវីគណៈមេធាវី ត្រូវបន្តយកចិត្តទុកដាក់លើការបន្តការបណ្តុះបណ្តាល និងការបង្កើនសមត្ថភាពមេធាវី ទាំងជំនាញរឹង និងជំនាញទន់ជាប្រចាំ ដើម្បីពង្រឹងការគោរពច្បាប់ វិធានវិជ្ជាជីវៈ និង ក្រមសីលធម៌ មេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
២. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបន្តជ្រើសរើសសម្រិតសម្រាំងគ្រូបណ្តុះបណ្តាលប្រកបដោយសមត្ថភាពខ្ពស់ ទាំងជំនាញរឹង និងជំនាញទន់, បន្តធ្វើបច្ចុប្បន្នភាពលើមុខវិជ្ជាដែលត្រូវបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឱ្យមាន លក្ខណៈទំនើប ទាន់សម័យ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។
៣. គណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និងបេសកកម្មរបស់ ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារក្តី និង ផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និង កុមារ និង ពង្រីកសកម្មភាពផ្សព្វផ្សាយច្បាប់ដល់សាធារណជន, ព្រមទាំងចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌។
៤. ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងយុត្តិធម៌ សហការជាមួយគណៈមេធាវី ដើម្បី ពិនិត្យ ការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ពីព្រោះច្បាប់នេះ បានអនុវត្តអស់រយៈពេលជិត៣០ ឆ្នាំហើយ គួរតែធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និង ឧត្តមានុវត្ត, ដូចជាការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយវិជ្ជាជីវៈ និងរបៀបនៃការបោះឆ្នោតជ្រើសរើសប្រធាន និង ក្រុមប្រឹក្សាគណៈមេធាវីជាដើម។
៥. មេធាវីគ្រប់រូប បន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេស បន្តជួយការពារក្តីដល់ជនក្រីក្រដោយមិនយកកម្រៃ និងដោយយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដូចសមាជិកគ្រួសាររបស់ខ្លួន។
៦. ក្នុងនាមជាអ្នកច្បាប់រួមចំណែកដល់ការពង្រឹងនិតិរដ្ឋ និងការអនុវត្តច្បាប់ មេធាវីគ្រប់រូប ត្រូវគោរពច្បាប់ និង ប្រកាន់ខ្ជាប់នូវ ក្រមសីល ធម៌ វិជ្ជាជីវៈរបស់ខ្លួន, ព្រមទាំងត្រូវចៀសឱ្យខាងតែបាននូវអាកប្បកិរិយាក្រអឺតក្រទម ឬ អំពើល្មើសច្បាប់ណាមួយ។ ក្នុងន័យនេះ ក្នុងករណីប្រព្រឹត្តសកម្មភាពល្មើសច្បាប់ និង អសីលធម៌ណាមួយ, គណៈមេធាវី ត្រូវមានវិធានការឱ្យតឹងរ៉ឹងបំផុតស្របតាមនីតិវិធីជាធរមាន។
៧. ខ្ញុំសូមលើកទឹកចិត្តដល់មេធាវីនៃគណៈមេធាវី បន្តរួមចំណែកឱ្យបានកាន់តែច្រើនថែមទៀតជាមួយរាជរដ្ឋាភិបាល ដល់សកម្មភាពសង្គម និងការលើកស្ទួយ និងពង្រឹង នីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
៨. លេខាធិការដ្ឋាននៃសាលាជម្រះក្តីនានា ក្រឡាបញ្ជី ព្រះរាជអាជ្ញា និងចៅក្រម សូមជួយសម្រួលដល់ការងាររបស់មេធាវី ដែលបានបំពេញវិជ្ជាជីវៈរបស់ខ្លួន យុត្តិធម៌ តាមច្បាប់ ជាពិសេសក្នុងរឿងក្តីរបស់ជនក្រីក្រ។
៩. ខ្ញុំសុំណែនាំដល់អង្គភាពនគរបាលយុត្តិធម៌ សុំសហការជួយសម្រួលដល់មេធាវីដែលបានអនុវត្តវិជ្ជាជីវៈ ក្នុងការអមកូនក្តីនៅក្នុងដំណាក់កាលស៊ើបអង្កេតបឋមរបស់នគរបាលយុត្តិធម៌
សូមជម្រាបថា មកដល់បច្ចុប្បន្ន គណៈមេធាវីមានសមាជិកសរុបចំនួន ២,៩៩៦រូប (មេធាវី ជា ស្ត្រីចំនួន ៧៦៤រូប)។ ក្នុងនោះ មេធាវីមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជា ជីវៈ ចំនួន ២,៥៤៣រូប (មេធាវីជាស្ត្រីចំនួន ៦៥០រូប) មេធាវីកំពុងធ្វើកម្មសិក្សា ចំនួន ២៣០រូប (មេធាវីជាស្ត្រីចំនួន ៧៧ រូប) មេធាវីសុំមិនប្រកបវិជ្ជាជីវៈចំនួន ២០១រូប (មេធាវីជាស្ត្រីចំនួន ៣៣រូប) មេធាវីសុំនៅក្រៅបញ្ជីចំនួន ២២រូប (មេធាវីជាស្ត្រីចំនួន ៤រូប) ហើយមានមេធាវីទទួលមរណភាពចំនួន ៧០រូប (មេធាវីជាស្ត្រីចំនួន ៦រូប) និងមេធាវីទទួលទណ្ឌកម្មលុបឈ្មោះចេញ ពីបញ្ជី គណៈ មេធាវីចំនួន ១៨រូប (មេធាវីជាស្ត្រីចំនួន ៣រូប)៕

អត្ថបទដែលជាប់ទាក់ទង