ប្រជាជនបារាំងជាង១០០,០០០នាក់ នាំគ្នាធ្វើបាតុកម្មប្រឆាំងការតែងតាំងនាយករដ្ឋមន្រ្តីថ្មី របស់ប្រធានាធិបតី Macron
ប៉ារីស៖កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រជាជនបារាំង ដែលប្រកាន់និន្នាការនយោបាយឆ្វេងនិយម ចំនួនប្រមាណជាង១០០,០០០នាក់ បាននាំគ្នាចេញធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងការតែងតាំងលោក Michel Barnier ដែលមាននិន្នាការស្តាំកណ្តាលនិយម ជានាយករដ្ឋមន្រ្តី ហើយពួកគេបានថ្កោលទោសប្រធានាធិបតី លោក Emmanuel Macron ថា ឆក់ឱកាសយកអំណាច។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤។
ក្រសួងមហាផ្ទៃបារាំង បាននិយាយថា មនុស្សសរុប១១០,០០០នាក់ បាននាំគ្នាធ្វើបាតុកម្ម នៅតាមដងផ្លូវពាសពេញប្រទេស ក្នុងនោះមាន ទាំង២៦,០០០នាក់ នៅរដ្ឋធានីប៉ារីស។ ទីក្រុងបារាំងជាច្រើនទៀត រួមមានដូចជា Nantes នៅឯភាគខាងលិច, Nice និង Marseille នៅភាគខាងត្បូង ព្រមទាំង Strasbourg នៅភាគខាងកើត ក៏បានមើលឃើញមានសកម្មភាពតវ៉ា ផងដែរ។ ក្រុមបាតុករជាច្រើន បានបញ្ចេញកំហឹង ដាក់លោក Macron ហើយមួយចំនួន បានទាមទារឱ្យរូបលោក ចុះចេញពីតំណែងថែមទៀតផង។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Macron បានសម្រេចតែងតាំងលោក Barnier វ័យ៧៣ឆ្នាំ ឱ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី ដើម្បីព្យាយាម ទម្លុះភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតសភាមុនអាណត្តិ ដែលសម្ព័ន្ធភាពកណ្តាលនិយមរបស់លោក ឈ្នះបានសំឡេងគាំទ្រត្រឹមលំដាប់ថ្នាក់ទី២។ លោក Barnier ជាអតីតរដ្ឋមន្រ្តីការបរទេសបារាំង ដែលបានដើរតួនាទីជាអ្នកចរចា Brexit របស់សហភាពអឺរ៉ុប។
គួរបញ្ជាក់ថា សម្ព័ន្ធភាពឆ្វេងនិយម ដែលបានក្លាយជាក្រុមនយោបាយធំបំផុតរបស់បារាំង ក្រោយការបោះឆ្នោត ដែលបានប្រព្រឹត្តទៅ កាលពីខែមិថុនា-កក្កដា បានថ្កោលទោសការជ្រើសរើសតែងតាំង លោក Barnier ដោយលោក Macron។ ពួកគេចង់បាន អ្នកស្រី Lucie Castes ដែលជាសេដ្ឋវិទូវ័យ៣៧ឆ្នាំ ធ្វើជានាយករដ្ឋមន្រ្តី ប៉ុន្តែលោក Macron បានបដិសេធ ក្រោមហេតុផលថា អ្នកស្រីនឹងមិនអាចឆ្លតផុត ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅក្នុងសភា ដែលមិនមានបក្សនិងសម្ព័ន្ធភាពនយោបាយណាមួយ គ្រប់គ្រងសំឡេងភាគច្រើន ដាច់ខាតនោះឡើយ៕