ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីថៃថ្មី នឹងជំរុញវិធានការឧបត្ថម្ភសាច់ប្រាក់ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

42


បាងកក៖នាយករដ្ឋមន្ត្រីថៃ ដែលទើបតែងតាំងថ្មីអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ បានប្តេជ្ញាជំរុញទៅមុខជាមួយនឹងវិធានការឧបត្ថម្ភសាច់ប្រាក់ ដ៏ចម្រូងចម្រាស់ ១៤ពាន់លានដុល្លារ ខណៈដែលគណៈរដ្ឋមន្ត្រីរបស់អ្នកស្រី បានបញ្ចប់ផែនការមេ ដើម្បីរំដោះសេដ្ឋកិច្ចធំទីពីរ របស់អាស៊ីអាគ្នេយ៍មួយនេះ ពីកំណើនទាប និងបំណុលគ្រួសាររ៉ាំរ៉ៃ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា អ្នកស្រី ភែថងថាន ដែលបានស្បថចូលកាន់តំណែងរួមជាមួយគណៈរដ្ឋមន្ត្រីរបស់អ្នកស្រី ដែលមានសមាជិក ៣៥រូបកាលពីថ្ងៃសុក្រ នឹងបង្ហាញគោលនយោបាយរបស់រដ្ឋាភិបាលរបស់អ្នកស្រី ទៅកាន់សភាថៃក្នុងពេលឆាប់ៗនេះ។ មានការរំពឹងថានឹងមានការបង្ហាញព័ត៌មានលម្អិត នៃវិធានការឧបត្ថម្ភសាច់ប្រាក់ ដែលបានពន្យារពេលជាយូរមកហើយនេះ និងរបៀបវារៈនៃរដ្ឋាភិបាលរបស់អ្នកស្រី ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការវិនិយោគបរទេស។
អ្នកស្រី ភែថងថាន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលនឹងធានាថា កម្មវិធីកាបូបឌីជីថលដែលសន្យាថានឹងផ្តល់ប្រាក់ឧបត្ថម្ភ ១ម៉ឺនបាត (២៩៦ដុល្លារ) ដល់ប្រជាជនថៃពេញវ័យប្រហែល ៥០លាននាក់ នឹងគោរពតាមច្បាប់។ យោងតាមមន្ត្រីបានឱ្យដឹងថា ប្រជាពលរដ្ឋប្រហែល ១៤,៥លាននាក់ រួមទាំងជនពិការចំនួន ១លាននាក់ផងដែរនោះ អាចនឹងទទួលបានប្រាក់ឧបត្ថម្ភនេះនៅក្នុងដំណាក់កាលដំបូងនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់នៅក្នុងខែកញ្ញា បន្ទាប់ពីមេដឹកនាំថ្មីរូបនេះបានបញ្ជាឱ្យពិនិត្យមើលឡើងវិញនូវផែនការនេះ។
អ្នកស្រី ភែថងថាន កាលពីថ្ងៃសៅរ៍បានជំរុញឱ្យខុទ្ទកាល័យរបស់អ្នកស្រី បន្តអនុវត្តគោលនយោបាយមួយចំនួន ដែលបានអនុវត្តដោយរដ្ឋាភិបាល របស់អតីតនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន ដើម្បីជំរុញសេដ្ឋកិច្ច ជំរុញវិស័យទេសចរណ៍ លើកកម្ពស់តម្លៃទំនិញកសិកម្ម និងទប់ទល់នឹងគ្រោះទឹកជំនន់តាមរដូវ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះត្រូវបានព្យាករថានឹងកើនឡើង ២,៥% នៅឆ្នាំនេះ ដែលទាបជាងកំណើនពី ៥% ទៅ ៦% ដែលសម្រេចបានដោយប្រទេសជិតខាងឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។ សេដ្ឋកិច្ចថៃបានកើនឡើងជាមធ្យម ១,៩% ក្នុងរយៈពេលទសវត្សរ៍កន្លងមកនេះ៕

អត្ថបទដែលជាប់ទាក់ទង