ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍជាតិ

33

ព្រះសីហនុ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់រៀងរាល់ថ្ងៃ។
ការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កំពង់ផែស្វ័យ័ត្រក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា។ កំពង់ផែដែលបានកំពុងដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្ម ទទួលបានកំណើនបរិមាណទំនិញ និងកុងតឺន័រជារៀងរាល់ថ្ងៃ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែកសាងសមត្ថភាពបន្ថែម កំពង់ផែទឹកជ្រៅកំពត កោះកុងក៏កំពុងបន្ត ប៉ុន្តែផែនៅទីនេះ គឺជាផែនាំមុខមួយដែលមានសកម្មភាពយូរឆ្នាំមកហើយ និងជាផែដែលមានសក្ដានុពលធំ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងសារធារណការ និងដឹកជញ្ជូន ជាពិសេសក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វ័យត្រក្រុងព្រះសីហនុ ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយ ចិត្តក្នុងការផ្ដល់សេវាឲ្យបានរហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពសម្ដៅលើកកម្ពស់ភាពប្រកួតប្រជែង របស់កម្ពុជា នៅក្នុងវិស័យដឹកជញ្ជូន និង logistic នៅក្នុងតំបន់។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ចំណតផែកុងតឺន័របន្ថែមប្រវែង២៥៣ម៉ែត្រនេះ នឹងផ្ដល់ជាជម្រើសបន្ថែមសម្រាប់ជួយបំពេញនៅមុខងារស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណង ពង្រីកសមត្ថភាព និងធ្វើកំណើន ធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំថ្ងៃ ហើយមុននឹងបានទទួលសមិទ្ធផលចំណតផែកុងតឺន័រទឺកជ្រៅ ៣ជំហ៊ាននាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង