ប្រកាសចូលកាន់តំណែងលោក ទៀ សុរៈឆ័យ ជាអភិបាលរងខេត្តកោះកុង
កោះកុង៖លោក ទៀ សុរៈឆ័យ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដមអ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានអមដំណើរឯកឧត្ដមថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវមិថុនា ភូថង អភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្តកោះកុង និងមន្ត្រីរាជាការគ្រប់អង្គភាពជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឯកឧត្ដម អ៊ុត សំអន សូមចូលរួមអបអរសាទរចំពោះលោក ទៀ សុរៈឆ័យ ត្រូវបានតែងតាំងជាអភិបាលរងខេត្តថ្មី ក្រោយទទួលបានសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ដើម្បីបំពេញបន្ថែមចំនួនគណៈអភិបាលខេត្តកោះកុង បម្រើប្រជាពលរដ្ឋ និងចូលការអភិវឌ្ឍន៍ក្នុងខេត្តឲ្យមានការរីកចំរើនខ្លាំងឡើង។
ឯកឧត្ដមសូមកោតសសើររដ្ឋបាលខេត្តកោះកុង ដែលបានបន្តថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អ ដោយមិនត្រូវឱ្យជនណា ឬក្រុមណាមួយណាមកបំផ្លាញ សុខសន្តិភាព ដែលមានសព្វថ្ងៃនេះជាដាច់ខាត។
ឯកឧត្ដមសូមអរគុណគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ទូទាំងខេត្តកោះកុង ដែលបានទប់ស្កាត់ការប៉ុនប៉ងធ្វើបាតុកម្មរបស់ក្រុមជនមួយក្តាប់តូច កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដែលប្រឆាំងគម្រោងអភិវឌ្ឍន៍ តាមព្រំដែន កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលមានផែនការចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្ដមសំអន ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ជាពិសេសការធ្វើផ្លូវតាមក្រវាត់ព្រំដែន៕